អ្នកការទូតឆែកសាទរចំពោះតួនាទីរបស់វៀតណាមនៅក្នុងសកលលោក

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ — ក្នុងពេលចូលរួមពិធីដ៏ធំមួយដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកដើម្បីប្រារព្ធខួបលើកទី៧៤ នៃទិវាជាតិវៀតណាមកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អនុរដ្ឋមន្រ្តីក្រសួងការបរទេសឆែក លោក Martin Tlapa បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមដែលកំពុងកើនឡើងនៅលើឆាកអន្តរជាតិ។

លោកបានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមពលនៃប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ និងរីករាយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី នាពេលកន្លងមក។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ជាងតម្លៃ ១,១៧ប៊ីលានដុល្លារអាម៉េរិក ដោយការនាំចេញរបស់ឆែកមានតម្លៃ ១៤០លានដុល្លារអាម៉េរិក។ លោកបាននិយាយបន្ថែមថា ដូច្នេះសាធារណរដ្ឋឆែកចង់ស្វែងរកឱកាសសហប្រតិបត្តិការដើម្បីលើកកម្ពស់តុល្យភាពពាណិជ្ជកម្មជាមួយប្រទេសវៀតណាមបន្ថែមទៀត។

លោកបាននិយាយថា ដោយផ្អែកលើភាពស្រដៀងគ្នា នឹងការយោគយល់គ្នាទៅវិញទៅមក សាធារណរដ្ឋឆែកមានបំណងជំរុញកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ជាមួយប្រទេសវៀតណាមលើវិស័យដឹកជញ្ជូន ទីផ្សារឌីជីថល ហិរញ្ញវត្ថុ ទេសចរណ៍ នឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ លោកបាននិយាយបន្ថែមថា ជាពិសេសសាធារណរដ្ឋឆែកចង់សម្របសម្រួលជាមួយវៀតណាមដើម្បីអនុវត្តន៍ខ្លឹមសារកិច្ចសហប្រតិបត្តិការរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសឆែកកាលពីខែមេសា។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Ho Minh Tuan បានឆ្លៀតក្នុងឱកាសនោះបង្ហាញអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ជាតិនាពេលកន្លងមក នឹងបានថ្លែងអំណរគុណដល់មិត្តភក្តិ និងសហគមន៍អន្តរជាតិ រួមទាំងសាធារណរដ្ឋឆែកផងដែរ ដែលបានជួយគាំទ្រប្រទេសវៀតណាម ជាពិសេសនៅពេលដែលប្រទេសនេះបំពេញតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ ។

លោកបានគូសបញ្ជាក់ជាពិសេសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប – វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគរវាងអឺរ៉ុប – វៀតណាម (EVIPA) ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះនឹងបើកឱកាសបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)