វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងថៃ ក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ 

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់វៀតណាមមួយរូបបាននិយាយថា ប្រទេស វៀតណាមចង់ផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសថៃ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល នឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ស្តីពីប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

​នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូមជ្ឈមណ្ឌលប្រតិបត្តិការសន្តិភាពថៃ (POC) នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Hoang Kim Phung ប្រធាននាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាព វៀតណាម បានកោតសរសើរការគាំទ្ររបស់ថៃ ចំពោះវៀតណាមក្នុងរាល់សកម្មភាពថែរក្សាសន្តិភាព។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថៃដែលដឹកនាំដោយនាយក POC នាយឧត្តមសេនីយ៍ Jensit Konsil នេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការថែរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ជាពិសេសបន្ទាប់ពីប្រទេសវៀតណាមបានទទួលមុខតំណែងជា ប្រធានសមាគមមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រតិបត្តិការសន្តិភាពអាស៊ី – ប៉ាស៊ីហ្វិក នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និបាតប្រចាំឆ្នាំនៃបណ្តាញមជ្ឈមណ្ឌលថែរក្សាសន្តិភាពអាស៊ានលើកទី៨ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។ នៅឆ្នាំក្រោយ ប្រទេសវៀតណាមក៏នឹងធ្វើជាសហប្រធានក្រុមការងារជំនាញ ស្តីពីប្រតិបត្តិការថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) សម្រាប់ឆ្នាំ ២០២០-២០២៣ ផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិចារណាទៅលើការផ្សាភ្ជាប់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរគណៈប្រតិភូ នឹងការចែករំលែកបទពិសោធន៍ទាក់ទងនឹងសកម្មភាពថែរក្សាសន្តិភាព។ ពួកគេបានឯកភាពគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរ ការពិគ្រោះយោបល់ នឹងការសន្ទនាជាន់ខ្ពស់រវាងវៀតណាម និងថៃ។

ប្រទេសថៃនឹងបន្តអញ្ជើញមន្រ្តីវៀតណាមចូលរួមវគ្គបណ្តុះបណ្តាល នឹងការហ្វឹកហាត់ដែលរៀបចំឡើងដោយប្រទេសថៃ នឹងពិចារណាទៅលើការបញ្ជូនអ្នកជំនាញដែលមានបទពិសោធន៍ទៅកាន់ប្រទេស វៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការរៀបចំ នឹងដាក់ពង្រាយនាវាចម្បាំងនៅក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងការរៀបចំបើកវគ្គបណ្តុះបណ្តាលនានាផងដែរ។

នៅក្នុងថ្ងៃដដែលនោះដែរ ក្រុមការងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមក៏បានចូលរួមផ្លាស់ប្តូរយោបល់គ្នាជាមួយសហសេវិករបស់ពួកគេមកពីចក្រភពអង់គ្លេសដែរ ដែលក្នុងនោះពួកគេបានពិភាក្សាអំពីការរៀបចំគ្រឿងប្រដាប់អាវុធ ការដាក់ពង្រាយនាវាចម្បាំង និងការងារព័ស្តុភារ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)