ឯកសារចំនួន៥ ​ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ​ឯកសារចំនួន៥​ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ថង​​លូ​ន ស៊ី​ស៊ូ​លីត នាយករដ្ឋមន្រ្តី​ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ នៅ​ព្រះ​រា​ជា​ណា​​ចក្រកម្ពុជា​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ​ខែកញ្ញា ឆ្នាំ២០១៩។

ឯកសារទាំងនោះរួមាន ១. អនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិប​ត្តិការលើ​ វិ​ស័​​យការ​ងារ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រ​ជា​ធិ​ប​តេ​​​យ្យ​​ប្រជាមានិតឡាវ ចុះហត្ថលេខាដោយ   ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តា​លវិជ្ជាជីវៈ និងឯកសឧត្តម ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និង​សុ​​ខុ​មា​ល​ភា​ព​​សង្គម។ ២.កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងរា​ជ ​​​រដ្ឋា​ភិបា​ល​នៃព្រះរាជាណាចក្រកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមា​និ​ត​ឡាវ ចុះហ​ត្ថ​លេ​ខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខាំ​ម៉ានី​ អ៊ី​ន​​ធី​រ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ។ ​៣. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាង ​អ​គ្គិ​សនី​កម្ពុ​ជា​ និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ ពី​វា​រី​អគ្គិ​ស​នីអាត់​តា​ពើ​ ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ប្រ​តិ​ភូ​អម​នា​យ​​​ករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា។ ៤.​​កិច្ចព្រម​ព្រៀ​ងទិញ-លក់អគ្គិសនី រវា​ង​អគ្គិ​សនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AN​D MINIRAL COMPANY LI​MIT​ED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុ​ភា​ព​៦០០ មេ​ហ្គា​វ៉ា​​ត់ នៅខេត្តសេកុង ប្រ​ទេស​ឡាវ ចុះហត្ថលេខាដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ប្រ​តិ​ភូអ​ម​នា​​យករដ្ឋមន្រ្តី និងជា​អគ្គនា​យកអគ្គិសនីកម្ពុជា។ ៥.កិច្ចព្រមព្រៀងទិញ-លក់អគ្គិស​នី​ រវងអគ្គិ​ស​នី​កម្ពុជា និងក្រុម  ​ហ៊ុ​ន​ XEKONG THERMAL POWER PLANT COMPANY LIMITED គ​ម្រោ​​ងរោងចក្រផ​លិ​ត​អគ្គិ​សនីដុតធ្យូងថ្ម អនុភាព១.៨០០ មេហ្កាវ៉ាត់ នៅខេត្ត​សេ​កុ​ង​ ចុះ​ហត្ថ​លេ​ខាដោយ ឯកឧត្តម កែវ​ ​រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​អគ្គ​នា​យក​អគ្គិសនី​ក​ម្ពុ​ជា។

នៅក្នងដំណើរទស្សនកិច្ចផ្លូវការនេះដែរ ឯកឧត្តមបណ្ឌិត ថង​​លូ​ន ស៊ី​ស៊ូ​លីត នាយក​រដ្ឋ​ម​​​​​ន្រ្តី​ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ក៏បានជួបប្រជុំទ្វេភាគី ជាមួយសម្ដេច  ​អ​គ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល​ផ្តោតការ​ពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។ ​ក្រោយ​កិច្ច​ប្រជុំ នា​យករដ្ឋ​មន្រ្តីទាំងពីរ ​នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយ​ចំនួន និង​ធ្វើ​​សេចក្តី​ប្រកាសព័ត៌មានរួមគ្នាផងដែរ។

ក្នុងអំឡុងទស្សនកិច្ចនេះដែរ ​ឯកឧត្តម​នាយករដ្ឋមន្រ្តី​ឡា​វ ក៏នឹងចូលជួប​សម្ដែងការគួរ​សមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី ​សា​យ​ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រ​ធាន​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រកម្ពុជា។ ​ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯក​ឧត្ត​មនាយករដ្ឋមន្រ្តី​ឡាវ ​នឹងអញ្ជើញដាក់កម្រងផ្កានៅ​វិមានឯករាជ្យ ​និងគោរព​ព្រះវិញ្ញា​ណ​ក្ខ​ន្ធ​​​​នៅ​មណ្ឌបព្រះ​ករុណាព្រះបាទសម្ដេច ​ព្រះនរោត្ដម ​សីហនុ «ព្រះបរមរតនកោដ្ឋ» អតីត​ព្រះ​មហា​ក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា​ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅ​កម្ពុជា នឹងរួមចំណែកកាន់​តែប្រសើរ​ក្នុង​ការពង្រឹង ​និងពង្រីកបន្ថែមទៀតនូវចំណង​មិត្ត ភា​ពជាប្រពៃណីដ៏យូរលង់​ សាមគ្គីភាព ភាតរភាព ​និងកិច្ចសហប្រតិបត្តិការប្រកបដោយ​ផ្លែផ្កា​រវា​ង​កម្ពុជា​ និងឡាវផងដែរ៕

ដោយ ជឹម ណារី