អភិបាលខេត្តសៀមរាបចុះពិនិត្យផ្លូវ និងលូ ប្រឡាយទឹកកខ្វក់ក្នុងក្រុង

AKP សៀមរាប ថ្ងៃទី​​១២ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារអន្តរមន្ទីរចុះពិនិត្យផ្លូវ និងលូ ប្រឡាយទឹកកខ្វក់ក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបាននិងកំពុងស្ថិតក្នុងគម្រោងស្តារ និងជួសជុលស្ថាបនាឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រោមគម្រោងថវិការបស់សាលាខេត្ត ហើយក៏ជាការបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនៃតំបន់នោះដែរ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងការចុះពិនិត្យផ្លូវ និងលូ ប្រឡាយទឹកកខ្វក់នោះ ឯកឧត្តម ទៀ សីហា បានណែនាំដល់មន្ទីរសាធារណការ និងអាជ្ញាធរក្រុង សង្កាត់ ត្រូវសហការជាមួយប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យដោយផ្លូវទាំងនេះ ឱ្យពួកគាត់មានការចូលរួម ក្នុងការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងឱ្យបានរួចរាល់ មុនការរៀបចំធ្វើការជួសជុលស្ថាបនាផ្លូវទាំងនេះ ក្នុងការបញ្ចៀសនូវទឹកដក់នៅលើទ្រូងផ្លូវ ដែលធ្វើឱ្យផ្លូវឆាប់ខូច ព្រមទាំងសុំកុំឱ្យបងប្អូនយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្មើរជើង និងអ្នកជិះកង់ ជិះម៉ូតូ។

ឯកឧត្តម ទៀ សីហា បានដាក់ផែនការឱ្យអាជ្ញាធរក្រុង សង្កាត់ ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានសាងសង់លំនៅឋាន សណ្ឋាគារ រំលោភលើដីផ្លូវ និងនៅលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញ ដើម្បីឱ្យអាជ្ញាធរធ្វើការរៀបចំ និងជួសជុល ជាពិសេសលំនៅឋានអមតាមផ្លូវពីកេរ្ត៍សគោល ភ្ជាប់មកផ្លូវសម្តេចសង្ឃ ទេព វង្ស។ ចំពោះបណ្តាផ្លូវខ្នែង និងផ្លូវបំបែកចេញពីផ្លូវសម្តេចសង្ឃ ទេព វង្ស ដែលតភ្ជាប់ទៅផ្លូវប្រឡាយទឹកស្អុយ ផ្នែកខាងលិច ដែលមានលក្ខណៈ តូចចង្អៀត ហើយផ្លូវបត់បែនជាច្រើនកន្លែងដែលតែងតែបានបង្កឱ្យមានគ្រោះថ្នាក់នោះ ឯកឧត្តម ទៀ សីហា សូមឱ្យមានការត្រួតពិនិត្យ និងជួសជុលកែលម្អផងដែរ ដោយសូមឱ្យ ប្រធានមន្ទីរសាធារណការខេត្ត និងអាជ្ញាធរក្រុង សង្កាត់ ត្រូវធ្វើកិច្ចសហការគ្នា ធ្វើការសិក្សាឡើងវិញទៅលើកណាត់ផ្លូវមួយនេះ ដើមី្បធ្វើការបើកពង្រីកទ្រូងផ្លូវ ទៅតាមការកំណត់របស់ច្បាប់ភូមិបាលដែលមានស្រាប់។ ម៉្យាងទៀតអាជ្ញាធរក្រុង និងចៅសង្កាត់ ត្រូវធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងការបើកពង្រីកផ្លូវមួយខ្សែនេះ៕

ដោយ ហង្ស សៀក