សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ នាំយកព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសិរីសុទ្ធវង្ស

AKP ក្រចេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ -បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ ចំនួន ៨៥៧គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំដា ស្រុកចិត្របុរី ខេត្ដក្រចេះ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រួចមក សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ព្រមទាំងអាជ្ញាធរដែនដី និងមន្រ្តីក្រោមឱវាទ បានអញ្ជើញនាំយកព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ជាបច្ច័យចំនួន ១.០០០ដុល្លារអាម៉េរិក និងថវិកាផ្ទាល់ខ្លួនមួយចំនួនរបស់សម្ដេច ទៅប្រគេនព្រះសង្ឃមេគណខេត្តក្រចេះ ដែលគង់ចាំព្រះវស្សានៅវត្តសិរីសុទ្ធវង្ស ស្ថិតនៅក្រុងក្រចេះ ដើម្បីរួមចំណែកក្នុងការជួសជុល កែលម្អចេតិយ នាងក្រពុំឈូក ឡើងវិញ។

ក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ក៏បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយក​បច្ច័យផ្ទាល់ខ្លួនរបស់សម្ដេច និងរបស់គណៈប្រតិភូអមដំណើរមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសិរីសុទ្ធវង្ស ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ ផងដែរ។

ព្រះសង្ឃមេគណខេត្ត បានមានសង្ឃដីកា ថ្លែងអំណរព្រះគុណដល់ព្រះរាជហឫទ័យព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានត្រាស់បង្គប់ឱ្យសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ នាំយកនូវព្រះរាជទ្រព្យជាបច្ច័យចំនួន ១.០០០ដុល្លារអាម៉េរិក និងបច្ច័យផ្ទាល់ខ្លួនមួយចំនួនរបស់សម្ដេច មកប្រគេនអាត្មាជាមេគណខេត្ត ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការជួសជុល កែលម្អចេតិយ នាងក្រពុំឈូក ឱ្យបានល្អប្រសើរឡើងវិញ៕

ដោយ សោម ឫទ្ធី