ក្រសួងទេសចរណ៍ ជំរុញឲ្យម្ចាស់ភោជនីយដ្ឋានបង្កើនការតាំងពិព័រណ៌ម្ហូបអាហារ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ១២ ០៩ ១៩៖

ក្រសួងទេសចរណ៍ បានជំរុញឲ្យម្ចាស់ភោជនីយដ្ឋានបង្កើនការតាំងពិព័រណ៌ម្ហូបអាហារ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដជាតិ ឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។.
តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍តាំងពិព័រណ៌ផ្នែកសេវាកម្ម ការបង្ហាញ របៀបរស់នៅដ៏មានកិត្យានុភាព និងវិស័យម្ហូបអាហារ ជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីបង្ហាញមុខម្ហូបរបស់កម្ពុជាប្រកបដោយអនាម័យ និងគុណភាពល្អ។នេះជាការលើកឡើងរបស់លោក ច្រឡឹង សុមេធា អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការពិរព័ណ៌ “WONDERFUL 28 – LIFESTYLE, WINE & DINE EXPO” កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា។ លោក បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌វិស័យម្ហូបអាហារនៅខែតុលា ខាងមុខនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ និងជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍នៅកម្ពុជា ដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍យុវវ័យឲ្យមកទស្សនានៅតាមរមណីយដ្ឋាននៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។លោកបន្ថែមថា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា អ្វីដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍ និងមានការកើនឡើងនោះ គឺតំបន់ទេសចរណ៍វប្បធម៌, និងប្រវត្តិសាស្រ្ត ក្រៅពីនេះក៏មានតំបន់ទេសចរណ៍ជាច្រើន ដែលសុទ្ធសឹងជាកន្លែងទាក់ទាញ ភ្ញៀវទេសចរណ៍ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៌ ដែលគ្រោងរៀបចំឡើងដោយសមាគមហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ (InFEA) ឧបត្ថម្ភដោយធនាគារកាណាឌីយ៉ាភីអិលស៊ី, Wonder Capital Group ជាលើកដំបូង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩ ខាងមុខនេះ គឺជាការបង្ហាញពីរបៀបរស់នៅដ៏មានកិត្យានុភាព ផលិតផលស្រា វិស័យអាហារ និងសេវាកម្មដ៏មានវិជ្ជាជីវៈ ការនាំមកនូវគំនិតថ្មីនៃស្តង់ដារ រស់នៅក្នុងយុគសម័យថ្មី គឺជាពិព័រណ៍អាហារ និងភេសជ្ជៈដ៏ធំ និងពេញនិយមបំផុតឆ្លើយតបតាមតម្រូវបច្ចុប្បន្ន ៕