ស្ថានទូតអាម៉េរិក នឹងរៀបចំវេទិកាថ្នាក់តំបន់ស្តីពីការអប់រំ និងពិព័រណ៌ថ្នាក់ឧត្តមសិក្សា សហរដ្ឋអាមេរិក ឆ្នាំ២០១៩ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ -តំណាង EducationUSA ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំវេទិកាថ្នាក់តំបន់ជាលើកដំបូង ស្តីពីការ សិក្សានៅសហរដ្ឋអាមេរិក និងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា ដែលធ្វើឡើងនៅរាជ ធានី ភ្នំពេញ ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក ប្រចាំ​នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា វេទិកានេះ នឹង​នាំមកនូវអ្នកប្រឹក្សាយោបល់ EducationUSA  មកពីក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងសិក្ខា សាលាផងដែរ។ កម្មវិធីនេះ នឹងផ្តោតទៅលើឱកាសអប់រំថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក សម្រាប់និស្សិតកម្ពុជា។ នេះគឺជាឱកាសមួយ សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ ដើម្បីជួបតំណាងមកពីសាកលវិទ្យាល័យ និងអ្នកអាជីពផ្នែកការអប់រំនៅអាម៉េរិក ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៨៖០០ ព្រឹក សុន្ទរកថាបើក ដោយភារធារីស្ថានទូត លោក Michael Newbill និងឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៨-១១:៣០ ព្រឹក : ពិធីបើកពិព័រណ៌ថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក។ ទីកន្លែង៖ សណ្ឋា​គារសុខាភ្នំពេញ។

ជាមួយគ្នានេះដែឬ EducationUSA គឺជាបណ្តាញមួយនៃក្រសួងការបរទេស​សហ​រដ្ឋអាមេរិក ដែលមានមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួន ៤០០ មជ្ឈមណ្ឌល នៅតាមប្រទេសជាង១៧០ នៅលើពិភពលោក។ បណ្តាញ​នេះ ​ផ្សព្វផ្សាយការសិក្សាថ្នាក់ ឧត្តម​របស់សហរដ្ឋអាមេរិក ​ទៅកាន់និស្សិតនៅជុំវិញពិភពលោដោយ​​ផ្តល់​ព័ត៌មាន​ថ្មីៗ​ ពេញ លេញ និង​ត្រឹមត្រូវ​ស្តី​ពី​ឱកាស​សិក្សា ​នៅ​តាម​ស្ថាប័ន​ឧត្តម​សិក្សា​ដែលមានការទទួលស្គាល់ នៅក្នុងស​ហរដ្ឋអាមេរិក។ EducationUSA ក៏ផ្តល់ផងដែរ​នូវសេវានានាដល់បណ្តា​សហគមន៍ ផ្នែក​ឧត្តមសិក្សានៅសហរដ្ឋអាមេរិក ដើម្បីឱ្យជួយអ្នកដឹកនាំ​ស្ថាប័នទាំងនោះ អាចសម្រេចនូវ ការជ្រើសរើសនិស្សិតឱ្យចូលរៀន និងធ្វើឱ្យសាលាគេមាននិស្សិតអន្តរជាតិសិក្សាច្រើន។ មជ្ឈមណ្ឌល EducationUSA គឺជាប្រភពព័ត៌មានផ្លូវការរបស់អ្នក ស្តីពីការសិក្សាថ្នាក់ឧត្តម​នៅក្នុងសហរដ្ឋអាមេរិក៕

ដោយ អ៊ុន រិទ្ធី