ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ចុះអនុស្សរណៈជាមួយក្លឹបបាល់ទាត់នគរបាលជាតិ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានចុះអនុស្សរណៈជាមួយក្លឹបបាល់ទាត់នគរបាលជាតិលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅក្លាយជាដៃគូ​យុទ្ធ​សាស្រ្តក្នុងការលើកស្ទួយវិស័យកីឡា ក៏ដូចជាគាំទ្រវិស័យកីឡាបាល់ទាត់លីគកំពូលកម្ពុជា។

ក្នុងការចុះអនុស្សរណៈនេះ ធ្វើឡើងនៅទីលានបាល់ទាត់នៃរោង ចក្រផលិតភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)  បានព្រមព្រៀង​ឧបត្ថម្ភធំនូវសម្ភាររួមមាន៖ ផ្គត់ផ្គង់ភេសជ្ជៈបង្កើនជាតិទឹក​អាឃ្វ័ររៀស (Aquarius) ទឹកបរិសុទ្ធ ដាសានី Dasani និងសម្ភារកីឡាផ្សេងៗទៀត សម្រាប់ការប្រើប្រាស់ ជាប្រចាំ ទៅដល់ក្លឹបបាល់ ទាត់នគរបាលជាតិក្នុងរយៈពេល១៦ខែ។

សូមបញ្ជាក់ថា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏ល្បីមួយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយ ជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ១ ផ្នែកភេសជ្ជៈ បំពេញជាតិទឹក នៅក្នុងប្រទេសជប៉ុន។ រីឯនៅប្រទេសកម្ពុជាវិញ អាឃ្វ័ររៀស ត្រូវបានទទួល ស្គាល់ថាជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទ ផលិត​ផលដែលមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះ អាឃ្វ័ររៀស តែងតែយកចិត្តទុកដាក់​និង​លើកស្ទួយដល់សកម្មភាពកីឡាស្ទើរគ្រប់ប្រភេទ ចាប់តាំងពីកីឡាកម្រិតមូលដ្ឋាន ស្រុក-ខណ្ឌ ខេត្ត-រាជធានី រហូតដល់ថ្នាក់ជាតិ។ លើសពីនេះទៀត អាឃ្វ័ររៀសបានឧបត្ថម្ភធំដល់កម្មវិធី “កីឡាសិស្សថ្នាក់ជាតិ” កាលពីខែមិថុនាកន្លងទៅ ដែលនោះជាការប្រកួតប្រជែងថ្នាក់ជាតិ​លើកដំបូងសម្រាប់សិស្សកម្រិតចំណេះទូទៅ និងមានការចូលរួមពីកីឡាករ  កីឡាការិនី ជាសិស្សានុសិស្សរហូតដល់ទៅជាង៣.០០០នាក់ លើ១១វិញ្ញាសាផ្សេងៗគ្នា។ ថ្មីៗនេះ ក្រុម​ហ៊ុន​រៀបចំការប្រកួតបាល់ទាត់មួយមានឈ្មោះថា “ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស​ខណ្ឌ​កំបូល” ដែលមានសមាសភាពចូលរួមពីយុវជនមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានបញ្ជាក់ថា ការចុះអនុស្សារណៈជាមួយក្លឹបបាល់ទាត់នគរបាលជាតិនៅថ្ងៃនេះ គឺជា​សញ្ញាណថ្មីមួយទៀត ដែលបង្ហាញថាអាឃ្វ័ររៀស មិនត្រឹមតែធ្វើការឧបត្ថម្ភដល់កម្មវិធី​រយៈ​ពេល​ខ្លីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបន្តគាំទ្រដល់កីឡាករក្នុងរយៈពេលច្រើនជាង១ឆ្នាំ ដើម្បី​ប្រាកដថាពួកគាត់​ទទួលបានភេសជ្ជៈដែលមានគុណភាព​ក៏ដូចជាសម្ពារកីឡាប្រើ​ប្រាស់​គ្រប់​គ្រាន់​នៅរៀងរាល់ការប្រកួត។ លោកបានបន្ថែមថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានក្លាយខ្លួនជាដៃគូសហការឧបត្ថម្ភដល់ក្លឹបបាល់ទាត់នគរបាលជាតិ ដែលជាក្លឹប អាជីពក្នុងលីគកំពូលកម្ពុជាមួយនេះ”។ លោកសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់នឹងយក អស់កម្លាំងកាយចិត្ត ធ្វើឱ្យបានល្អសម្រាប់ការប្រកួតនាពេលខាងមុខ ហើយរាល់ពេល​ដែល​នឿយហត់ អាចចាប់យកអាឃ្វ័ររៀសត្រជាក់មកពិសាបានដើម្បីបំពេញជាតិទឹកដល់ រាងកាយ​វិញបានឆាប់រហ័ស។ ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់​មុខក្នុង​ការផលិត និងចែកចាយផលិតផលរបស់ ក្រុមហ៊ុនកូកា-កូឡាក្នុងប្រទេសកម្ពុជា បាននិង​កំពុងបន្តផ្តល់នូវជម្រើសភេសជ្ជៈច្រើនប្រភេទដែលមាន គុណភាពខ្ពស់ ជូនដល់អ្នកពិសារ សមស្របទៅនឹងរសជាតិ របៀបរស់នៅ និងរបបអាហារផ្សេងៗគ្នា។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកម្មវិធីចុះហត្ថលេខាបានចប់ជាស្ថាពរ ក៏មានការប្រកួត​ទាត់បាល់មិត្តភាពរវាងបុគ្គលិកកូកា-កូឡា ជាមួយនឹងក្រុមគ្រូបង្វឹកនៃក្លឹបបាល់ទាត់​នគរបាល​ជាតិផងដែរ៕

ដោយ រិទ្ធី