សិស្សកម្ពុជាចំនួន១២រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ -តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន សិស្សវិទ្យាល័យកម្ពុជា១២រូប (ស្រី៦ ប្រុស៦) និងអ្នកដឹកនាំ៣រូប (ស្រី២ និងប្រុស១) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ជប៉ុនពីថ្ងៃទី ១៣ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមកម្មវិធីផ្លាស់ប្តូរយុវជន “JENESYS 2019”។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កម្មវិធីនេះ នឹងរៀបចំឡើងក្រោមប្រធានបទ «កីឡា បាល់អោប» ដើម្បីចូលរួមអបអរសាទរ ដល់ការប្រកួតពានរង្វាន់កីឡាបាល់​អោបពិភពលោក ឆ្នាំ២០១៩ ដែលរៀបចំដោយជប៉ុន ចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានេះ អ្នកចូលរួម នឹងទទួលបាននូវបទពិសោធន៍ទាក់ទងនឹង កីឡាបាល់ អោប ជាមួយសិស្សវិទ្យាល័យជប៉ុន និងអ្នកចូលរួមផ្សេងៗទៀត ដែលមកពីបណ្តាប្រទេស អាស៊ាន និងប្រទេសទីម័រខាងកើត នៅក្នុងខេត្តស៊ីហ្សឹអុកា។ សម្រាប់ថ្ងៃទី២០ ខែកញ្ញា ពួកគាត់នឹងទស្សនាការប្រកួតពានរង្វាន់កីឡាបាល់អោបពិភពលោកឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមរម្លឹកថា កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាង​ទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បី​កសាង​មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ តាមរយៈ​កម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ី​ជម្រៅ​ថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឱ្យ​បានទូលំទូលាយទៅកាន់​ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រឡប់មកវិញ៕

ដោយ អ៊ុន រិទ្ធី