បទយកការណ៍៖ ក្រសួងបរិស្ថាន និងក្រុមអភិរក្សសត្វស្លា​​ប ស្នើឱ្យពលរដ្ឋជួយការពារសត្វ ចាបព្រៃវែងកុំឱ្យបាត់បង់ពីភពផែនដី

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងបរិស្ថាន អង្គការជីវិតសត្វស្លាបកម្ពុជា និងសមាគ​ម​អ​ភិ​រ​ក្ស​សត្វព្រៃ មកពីហុងកុង និង ជប៉ុន បានបើកសិក្ខា​សាលា​រួម​គ្នាមួយ​នៅ​ភ្នំ​ពេញ ដើម្បីរិះរកវិធីសាស្ត្ររៀបចំគម្រោង​ការងារ ការពារសត្វចាបព្រៃវែង កុំឱ្យបាត់​ប​ង់​ពី​ភ​ព​ផែ​នដី ខណៈ​​​​បក្សី​ប្រភេ​ទនេះ​ត្រូវបាន​អង្គការអាយ យូស៊ីអិន(IUCN)បានចុះក្នុង​បញ្ជីក្រហមជាប្រភេទ​សត្វជិត​ផុ​ត​​​ពូជបំផុត។ សិក្ខា​សាលានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

នៅចំពោះមុខបញ្ហាប្រឈមនៃការថយចុះរបស់ សត្វចាបព្រៃវែង ដែលភាសាអង់គ្លេស​ហៅថា Yellow​-Breasted Bunting  ក្រុមអ្នកអភិរក្សជាតិ និងអន្តរជាតិបានធ្វើប​ទបង្ហាញ​ដាក់​ជា​សំ​​ណួរដេ​ញដោល​គ្នា ដើ​ម្បី​ឈា​នទៅធ្វើការកំណត់ចំនួនឱ្យបានច្បាស់លាស់ចំពោះសត្វ ចាបព្រៃវែង នៅក្នុងប្រទេ​ស​ក​ម្ពុ​ជា និង​កំ​ណ​ត់​គោលដៅ និងសកម្មភាពអភិរក្សជាអាទិភាព ដាក់​បញ្ចូល និងរួមចំណែកក្នុងផែន​ការ​ស​ក​ម្ម​ភា​ពការ​ពា​រស​ត្វ​ចា​ប​ព្រៃវែងអន្តរជាតិ។

លោក អ៊ូ សេរី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាស្តីពីការអភិរក្សសត្វចាបព្រៃវែង នៅ កម្ពុជានេះ ដើម្បីឱ្យ​ដៃគូអភិរក្ស​សត្វ​​ចាប​​ព្រៃវែង ជាតិ និងអន្តរជាតិមកចែករំលែក ជជែក​ពិភាក្សា និងពង្រឹងកិច្ចសហការសម្រាប់​ការ​ស្រា​វ​ជ្រា​វ និងបង្កើនប្រសិទ្ធភាពលើការអភិរក្ស​សត្វចាបប្រភេទនេះ។ លោកបានបន្ដថា នេះក៏ជាឱកាសក្នុងការចងជាបណ្តាញអ្នកអភិរក្ស​សត្វចាបព្រៃវែងនៅប្រទេសកម្ពុជា ដើម្បីធ្វើការទំនាក់ទំនង ផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងបទពិសោធន៍។ លោកបានគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹម​យ៉ាង​មុត​មាំ​ថា ការចូលរួមជា​សិក្សា​ចែក​រំលែករបស់អ្នកទាំងអស់គ្នាពិតជាមានសារៈសំខាន់ ដែលនឹងនាំយកនូវ​ធា​តុ​ចូលសំខាន់ៗ​ដើម្បីធានាបានកិច្ចការពារអភិរក្សសត្វចាបព្រៃវែ​ងនៅកម្ពុជាឱ្យនៅគង់វង្ស សម្រា​ប់ជា​ផ​ល​​ប្រយោជន៍មនុស្សទាំងបច្ចុប្បន្ន និងអនាគត”។

បើតាមការស្រាវជ្រាវរបស់មន្ត្រីក្រសួងបរិស្ថាន និងអង្គការអភិរក្សសត្វព្រៃនានាបាន ឱ្យដឹងថា សត្វ​ចា​ប​ព្រៃ​វែ​ង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុត ដែល​កំណត់ក្នុងបញ្ជីក្រហម IUCN ក្នុង​ឆ្នាំ​២​​​០១៧។ សត្វស្លាបប្រភេទនេះ បន្តពូជនៅអឺរ៉ុប និង ទ្វីបអាស៊ីខាងជើង ហើយធ្វើការបំលាស់​ទី​​ម​កកា​ន់​ទី​ជ​ម្រ​ក​ ស្វែងរកចំណីដូចជាក្នុងតំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិនភាគ​ខាងត្បូងពេលដែលរដូ​វព​ង​កូ​ន​បា​នបញ្ចប់។ ការស្រាវ ជ្រាវបានបង្ហាញទៀតថា ចំនួនសត្វចាបព្រៃវែងមានការធ្លាក់ចុះដែលមិនធ្លាប់​មានកន្លងមកទូ​ទាំង​ពិភ​ពលោក ដោយសារតែការបរបាញ់ បរិភោគជាអាហារ និងបាត់បង់​ទីជម្រក។ ផ្អែក​តាមកំណត់ត្រាក្នុ​ង​ឆ្នាំ​​២០០៧ ដោយសារកំណើនសេដ្ឋកិច្ច និងការរីកចម្រើនក្នុងប៉ែកអាស៊ី​អាគ្នេយ៍ នាំឱ្យមានសន្ទុះ​នៃត​ម្រូ​វ​កា​រ​ប្រភេទសត្វចាបព្រៃវែងនេះ ជាអាហារកើនឡើង ដែលនាំ ឱ្យបាត់វត្តមាន​ប្រភេទសត្វចាបនេះពី​ប្រទេ​ស​ហ្វាំ​ង​ឡង់ និងនៅមានតិចតួចស្ទើរតែផុតពូជក្នុង ប្រទេសរុស្ស៊ីភាគខាងលិច។ រីឯនៅកោះហុកកៃដូ ប្រទេសជប៉ុន គឺនៅមានប្រហែលជា ២០គូ ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។

បន្ថែមលើសពីនេះ ចំនួនសត្វចាបព្រៃវែង មានការថយចុះយ៉ាងខ្លាំងតាមបណ្តាញផ្លូវ​ហោះហើររបស់វា។ នេះ​ជាការគំរាមកំហែងដ៏ធំមួយក្រោយមានកំណើនតម្រូវការ​នៃអាហារ​ក្នុងប្រទេសចិនលើសត្វស្លាបប្រភេទនេះ​។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងកា​រថយចុះ​សត្វ​ចាប​ព្រៃវែង ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៦ សិក្ខាសាលាអន្តរជាតិស្តី​ពី​កា​រ​អភិ​រ​ក្ស​សត្វចាបព្រៃវែង​បាន​ធ្វើឡើងនៅទីក្រុងបាំងស៊ូ ខេត្តបាំងដុង នៃប្រទេសចិន។ ក្នុងឆ្នាំ២០១៨នេះ សិ​ក្ខា​សាលា​បែបនេះត្រូវបានធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ថៃ និងប្រទេសកម្ពុជា ដើម្បី​លើក​កម្ព​ស់​​​​ការ អភិរក្សសត្វចាបព្រៃវែងនេះ។

ដោយឡែកចំពោះប្រទេសកម្ពុជា សត្វចាបព្រៃវែងត្រូវបានប្រទះឃើញនៅចុងរដូវ​វស្សា ដើមរដូវប្រាំង ដែលភាគ​ច្រើន​មា​នវត្តមានក្នុងដីចម្ការ វាលស្រែ ព្រៃរបោះ និងវាល​ស្មៅ។ ពួកវាមានវត្តមាននៅតំបន់មួយចំនួននៃផ្នែក​ខាង​ត្បូង​ខេត្តក្រចេះ នៅខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកំពង់ធំ។ បើតាមអ្នកជំនាញផ្នែកសត្វស្លាបបានលើកឡើងថា កត្តា​គំរាម​កំហែង របស់ស​ត្វ​ចា​ប​ព្រៃ​វែងមានដូចជា ការដាក់អន្ទាក់ ម៉ង សារធាតុពុលកសិកកម្ម និង​មធ្យោបាយផ្សេងទៀត ការចាប់ធ្វើ​ជា​អា​ហារនិងលក់នៅលើទីផ្សារជាដើម។ សម្រាប់សត្វ​ចាបព្រៃវែង បានដើរតួនាទីយ៉ាងសំខាន់នៅក្នុ​ងប្រព័ន្ធ​អេកូ​ឡូ​ស៊ី​។ លើសពីនេះទៀត សត្វ​ស្លាប​បានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងកសិកម្ម ដោយជួយក្នុងការគ្រប់គ្រងសត្វ​ល្អិ​ត​បែប​ធម្ម​ជា​តិ ហើយសត្វស្លាបក៏ជាសក្តានុពលទេសចរណ៍ធម្ម​ជាតិដែលផ្តល់ជា​ចំណូល​ដល់​ស​ហគ​ម​ន៍មូ​ល​ដ្ឋា​ន ​និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

លោក ស៊ីមបា ចាន់ (Simba Chan) តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ​ប្រ​ចាំ​អា​ស៊ី​បា​ន​មា​ន​ប្រ​សា​សន៍ថា ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយការពារសត្វចាបព្រៃវែង ជា​ដំបូង ត្រូវបង្រៀនពួកគេ​ឱ្យ​ចេះ​ស្រ​ឡាញ់ធម្មជាតិជាមុនសិន។ លោកបន្តថា នៅពេលពួកគេ​ស្រឡាញ់ធម្មជាតិ ពួកគេនឹង​ឈ​ប់​ចា​ប់​ស​ត្វ​​នោះមកធ្វើជាអាហារ ឈប់បរបាញ់លេង ឈប់ បង្ក​ជាឧប​សគ្គសម្រាប់ការរស់រៀនរប​ស់​ប​ក្សី​ទៀ​ត​ហើ​យ​។ ចំណែកឯ ជំហានបន្ទាប់ តំណាង អង្គការជីវិតសត្វស្លាបអន្តរជាតិ​ប្រ​ចាំ​អា​ស៊ីរូបនេះចង់ឱ្យកម្ពុជាក៏គួ​រ​គ​ប្បី​ធ្វើ​ការជា​មួ​យ​ប្រ​ទេ​ស ជិ​តខាង ដូចជា ថៃ វៀតណាម  ចិន និងជប៉ុន ជាដើម ព្រមទាំងប្រទេសមួយចំនួ​នទៀ​ត​ដែ​ល​ជា​ផ្លូ​វហោះហើរឆ្លងកាត់របស់សត្វចាបព្រៃវែង ដើម្បីរួមគ្នាការពារឱ្យមានប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក​​​​ ប៊ូ​​​​ វរសក្ស​​​ តំណាងអង្គការសត្វស្លាបកម្ពុជា បាន​អំពាវនាវឱ្យ​អង្គការការ​ពារសត្វ ស្លា​បនានា​ធ្វើកា​ររួមគ្នា ជំរឿនសត្វចាបព្រៃវែង ដើម្បីងាយ​ស្រួលកំណត់ចំនួនរបស់វាដែ​លកំពុងរស់​នៅតាមខេ​ត្តមួ​យ​ចំ​​​នួ​ន​នៅ​​​ក្នុងប្រ​ទេ​ស​កម្ពុជាសម្រាប់​ដាក់បញ្ចូលក្នុងគម្រោងការងារអភិរក្សឱ្យបានត្រឹមត្រូវ។

បើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធបានផ្សព្វផ្សាយសាវតា​សត្វ​ចាប​​ព្រៃវែង​បង្ហាញថា  វាគឺជាប្រភេទជិតផុតពូជបំផុត​ដែ​ល​កំ​ណត់ក្នុងបញ្ជីក្រហមរបស់អាយ​យូស៊ីអ៊ុន(IUCN) ក្នុងឆ្នាំ​២០១៧។ បក្សីប្រភេទនេះ បង្កកំ​ណើ​ត​នៅ​​អឺរ៉ុប និងទ្វីបអាស៊ី​ខាង​ជើង។ ពួកវាតែងតែ​បំលាស់​ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេ​ស​ចិ​ន​​ភាគខាង​ត្បូង​នៅរដូវត្រជាក់ និងហោះ​ត្រឡប់ទៅប៉ែកអឺរ៉ុបវិញ។ បក្សីដែលមានលក្ខណៈពិសេស​មួ​យ​នេះ​(​P​a​s​serine Bird) មានរបាយលើផ្ទៃមួយ​ភាគធំនៃទ្វីបអឺរ៉ុប និងអាស៊ីអាគ្នេយ៍ដែល លាត សន្ធឹង​ពី​​ប្រ​ទេ​សហ្វាំងឡង់ទៅទល់នឹងប្រទេសជប៉ុន។ ក្នុងឆ្នាំ ១៩៨០ ការចង្អុលបង្ហាញ និង ល្បឿននៃ​ការថយចុះ ដែលមិនធ្លាប់មានកន្លងមក (លើកលែងតែសត្វ​ព្រាបអាម៉េរិកខាងជើង ដែលឈាន​ទៅរកការផុតពូជដោ​យ​សា​​រតែការបរបាញ់ខ្នាតឧស្សាហកម្ម)។

សូមបញ្ជាក់ថា ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអភិរក្សសត្វចាបព្រៃវែង នៅ​ប្រទេសកម្ពុជានេះ ធ្វើឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ក្នុងគោល​បំណងបណ្តុះបណ្តាលអំពីការងារអភិរក្សសត្វចាបព្រៃវែងដល់អ្នកពាក់ព័ន្ធ និងពិភាក្សា ចែក​រំលែកព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន និងសកម្មភាពអភិរក្សសត្វចាបព្រៃវែងនៅ កម្ពុជា។ បង្កើនការផ្សព្វផ្សាយ និងទាញការចាប់អារម្មណ៍ពីភាគីពាក់ព័ន្ធចំពោះ ការថយចុះនៃ ចំនួនសត្វចាបព្រៃវែង ជាពិសេសពិភាក្សាពីផែនការ និងសកម្មភាពចម្បងក្នុងការអភិរក្ស​​​សត្វចាបព្រៃវែងនៅកម្ពុជា។

តែទោះបីយ៉ាងណាក៏ដោយ បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសត្វស្លាបបាន​កត់​សម្គាល់ឃើញថា សត្វចាបព្រៃវែងហាក់មាន​ភាពងាយស្រួលក្នុងការដាក់អន្ទាក់​បែបប្រពៃ​ណី សម្រាប់ធ្វើជាអាហារ​ក្នុងបរិមា​ណ​ច្រើ​នក៏ព្រោះតែបក្សីប្រភេទនេះប្រមូលផ្តុំគ្នានៅពេល​យប់។ ផ្អែកតាមកំណត់ត្រាចុងក្រោយ​ក្នុងឆ្នាំ២​០​០​៧ ដោយសារកំណើនសេដ្ឋកិច្ច និងការរីក​ចម្រើនប៉ែកអាស៊ីអាគ្នេយ៍ នាំឱ្យមានសន្ទុះនៃតម្រូវ​ការ​ប្រ​ភេ​ទ​ប​ក្សីនេះជាអាហារ រហូតបាត់​វត្តមានពីប្រទេសហ្វាំងឡង់តែម្តង។ ក្នុងប្រទេសរុស្ស៊ីភាគខាងលិច​នៅមានតិ​ចតួ​ច​ស្ទើ​រតែផុត​ពូជ​ទៅហើយ។  រីឯនៅកោះហុកកៃដូនៃប្រទេសជប៉ុន មានប្រហែលជា ២០គូ​នាពេល​ប​ច្ចុ​ប្ប​ន្ន។ លើសពីនេះ លំ​ដា​ប់​​នៃចំនួនសត្វចាបព្រៃវែង ត្រូវបានថយចុះតាមបណ្តោយផ្លូវ​ហោះហើរ​ទេ​ស​ន្ត​ប្រវេ​សន៍។ នេះជាកា​រ​គំ​រា​ម​កំ​ហែ​ងដ៏ធំមួយ ក្រោយមានកំណើនតម្រូវការនៃអាហារក្នុង​ប្រទេ​ស​ចិ​ន​លើ​ប​ក្សី​ប្រភេទនេះ។ សត្វចា​ប​ព្រៃ​វែ​ង​ត្រូវបានកំណត់ជាប្រភេទជិតផុតបំផុត ក្នុង បញ្ជីក្រហមរបស់ IUCN ដោ​យ​សាររបាយ​របស់​វាបា​ន​រួ​ម​តូ​ច​យ៉ាងឆាប់រហ័ស ពោលប្រមាណ ៩០ ភាគរយ​ និងរង្វង់ជម្រក៥.០០០ គី​ឡូ​ម៉ែ​ត្រការ៉េ៕

ដោយ គង់ សិរីរ័ត្ន