ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី ការប្រកួតប្រជែងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដែលពិធីនេះមានការចូលរួម ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសាលានានាដែលបានចូលរួមប្រកួត។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា សាលាបឋមសិក្សា និង មធ្យមសិក្សាចំនួន ៦ ក្នុងចំណោមសាលាចំនួន ១៨ ដែលចូលរួមប្រកូតប្រជែង បានទទួលជ័យលាភីសាលាមេត្រី បរិស្ថានពីក្រសួងបរិស្ថាន ហើយសាលាជ័យលាភីមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០១៩ ទាំង ៦ នោះរួមមាន ៖១-សាលាបឋមសិក្សាស្វាយជ្រំ មកពីខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់កម្រិតមាស ។ ២-សាលាបឋមសិក្សាគិរីសុវណ្ណវង្សមកពីខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ។ ៣-សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធិ ។ ៤-វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មកពីខេត្តឧត្តរមានជ័យ ទទួលបានចំណាត់ថ្នាក់កម្រិតមាស ។ ៥-វិទ្យាល័យ ២៨ មករា មកពីខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់កម្រិតប្រាក់ ។ ៦-វិទ្យាល័យពេជ្រចិន្តា មកពីខេត្តបាត់ដំបង ទទួលបានចំណាត់ថ្នាក់កម្រិតសំរឹទ្ធិ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួល​កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ​ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារ  បណ្តុះ​បណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់​លើ​វិស័យបរិ ស្ថាន។ ជាពិសេស​ក្រុមការងារមកពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើររហូតទទួលបាន​លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ និងសូមកោត​សរសើផងដែរ ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សា ដែលបានចូលរួម​ក្នុងចលនាប្រឡងប្រជែង​មេត្រីភាពបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា គំនិតផ្តួចផ្តើមនេះជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តន៍ជាបន្តបន្ទាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារ សិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបថរបស់កុមារ និងយុវជនចំពោះ   អនាម័យ និងបរិស្ថាន។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅ​ដោយចីរភាព។ លោកជំទាវបានថ្លែងថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា មិនត្រឹមតែជំរុញឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រតិបត្តិមេត្រីភាពបរិស្ថាន តែក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តន៍នៅក្នុងសហគមន៍ជុំវិញ​សាលារៀនផងដែរ ដោយចាំបាច់ត្រូវមានកិច្ចសហការពីអាណាព្យា​បាល​សិស្ស អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធក្នុងសហគមន៍ទាំងអស់ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ ៤ចំណុចនៃសាលាមេត្រីបរិស្ថាន។

លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន៖ ទី១-មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន។ ទី២-មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬ បញ្ជ្រាប) ។ ទី៣-មានសម្ភារ បរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រតិបត្តិ បរិស្ថាន ។ ទី៤-មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍។

លោកជំទាវ ទន់ សាអ៊ីម បានថ្លែងថា ការចូលរួមរបស់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងជាពិសេសអាណាព្យាបាលសិស្សានុសិស្ស ក្នុងចលនា​សាលា​មេត្រីបរិស្ថាន ជាកត្តាចាំបាច់ និងមានសារៈសំខាន់បំផុត ព្រោះថាតួអង្គទាំងអស់នេះសុទ្ធតែមានអន្តរអំពើទៅវិញទៅមក។ អន្តរអំពើនៅត្រង់ថា សាលារៀនពឹងអាណាព្យាបាលសិស្សដើម្បីនាំកូនមករៀន ចំណែកអាណាព្យាបាលសិស្សពឹងសាលារៀន ដើម្បីឱ្យកូនបានសិក្សាទទួលបានចំណេះដឹងទៅអនាគត សម្រាប់បុព្វហេតុអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិទាំងមូល។ ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និទ្ធជាមួយអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍របស់ខ្លួន ដូចជាវត្តអារ៉ាម ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរដែនដី ដើម្បីធានាឱ្យបាននូវការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដូចនឹងទិសស្លោកថា «ទាំងអស់គ្នាដើម្បីបរិស្ថាន បរិស្ថានដើម្បីទាំងអស់គ្នា»។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាដទៃទៀត ដែលបានចូលរួម​ក្នុងការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំ២០១៩នេះ បើទោះបីជាមិនបានជាប់ជាជ័យលាភី ប៉ុន្តែបានបង្ហាញពីឆន្ទៈ និងភាពជាអ្នកដឹកនាំគំរូសំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវសាលាអនុវត្តន៍តាមស្តង់ដារសាលាមេត្រីបរិស្ថាន ដោយបានគូសបញ្ជាក់ថា «ខ្ញុំមានជំនឿជឿជាក់ថាដ៏រាបណាយើងនៅមានក្តីសង្ឃឹម និងដាក់គោលដៅឱ្យបានច្បាស់លាស់ នោះនៅឆ្នាំបន្តបន្ទាប់ប្រាកដជាទទួលបានជ័យលាភីជាក់ជាពុំខាន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ពុំមែនជាការបន្តុះបង្អាប់ចំពោះ​សាលារៀនដែលមិនមែនជាជ័យលាភីនោះទេ ប៉ុន្តែជាការជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្ត​វប្បធម៌ស្រឡាញ់ ថែរក្សា និងគាំពារបរិស្ថាន ហើយក៏ជាឱកាសចែករំលែកបទពិសោធន៍ និងរៀនសូត្រឧត្តមានុវត្តពីគ្នាទៅវិញទៅមកផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំក្រោយៗទៀត នឹងមានការចូលរួមពីគ្រឹះ​ស្ថាន​​អប់រំ ទាំងសារធារណៈនិងឯកជន កាន់តែច្រើនថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងពីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមគាំទ្រលើការងារបរិស្ថានកន្លងមក និងសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូធ្លាប់គាំទ្រ និងដៃគូមិនទាន់គាំទ្រ ពិចារណាគាំទ្រដល់ការកសាងធនធានមនុស្សលើវិស័យ បរិ ស្ថានជាអាទិភាព ហើយបន្តការគាំទ្រ និងចូលរួមទាំងអស់គ្នាជាមួយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបុព្វហេតុបរិស្ថានល្អប្រសើរនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គោលបំណងរបស់យើងទាំងអស់គ្នាដែលខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់នៅពេលនេះគឺដើម្បី ក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយ​ដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នា​ប្រែក្លាយកម្ពុជា​ជាប្រទេសមានចំណូលខ្ពស់ រឹងមាំ សង្គមយុត្តិធម៌ ពលរដ្ឋមានសមត្ថភាព និង​បរិស្ថានរស់នៅល្អប្រសើរ។ ដឹកនាំ និងគ្រប់គ្រង​កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ​ឱ្យបាន​សមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែង​របស់​ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់​ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ពេជ្រ ណារិទ្ធ