វេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ -កាលពីថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាសាធារណៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពលោកជំទាវ ឆាយ វ៉ាន់នឿន  រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក បរិបូណ៌ ខេត្តកំពង់ឆ្នាំង។

វេទិកាសាធារណៈនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពនានាជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។ ការរៀបចំវេទិកានេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេច​បានក្នុងឆ្នាំ២០១៩ និងផែនការសម្រាប់អនុវត្តន៍ឆ្នាំ២០២០ និងការឆ្លើយតបនូវសំណូមពរនានា របស់ប្រជាពលរដ្ឋ ព្រមទាំងត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។

លោកជំទាវ ឆាយ វ៉ាន់នឿន បានមានប្រសាសន៍ថា ការធ្វើវេទិការសាធារណៈនេះក្នុងគោលបំណងអនុវត្តន៍គោល​នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលតម្រូវឱ្យមានការកែលម្អប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់រដ្ឋបាលនានា​សំដៅបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើ​សេវាជូនប្រជាពលរដ្ឋឱ្យបានលឿននិងមានតម្លាភាព។

លោកជំទាវបានលើកឡើងថា វេទិកានេះ​បានផ្តល់​ឱកាស​ក្នុង​ការ​ពិភាក្សា​ប្រកបដោយ​តម្លាភាព​គ្រប់​ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គម​ស៊ីវិល​សាធារណជន​ ​ដែល​អាច​ទទួល​បាន​នូវ​ការ​ផ្ទៀងផ្ទាត់​ប្រកបដោយ​សុចរិត​ភាពសុភវិនិច្ឆ័យ ​និងយុ​ត្តិ​ធ​ម៌​ក្នុងសង្គម ​​ឱ្យកាន់តែ​ល្អប្រសើរ​ឡើង។ ម្យ៉ាងទៀត​ក៏​ដើម្បី​បង្ហាញ​នូវ​ការទទួលខុសត្រូវ​​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ចំពោះ​ប្រជាពលរដ្ឋ ​និង​សង្គមជាតិ​ទៀត​ផង​​​។

លោកជំទាវ​​បានបន្ត​ទៀត​ថា រាជរដ្ឋាភិបាល​បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​ និង​ការ​បោះជំហាន​ទៅមុខ​យ៉ាង​សំខាន់​មួយ​ក្នុង​កិច្ច​ដំណើរការ​កំណែ​ទម្រង់អភិបាលកិច្ច ​នៅ​ថ្នាក់​មូលដ្ឋាន​សំដៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ឱ្យប្រកបដោយ​ប្រសិទ្ធភាព​។

លោកជំទាវបានបញ្ជាក់ទៀតថា អង្គវេទិកាលើកនេះបានផ្តោតការយកចិត្តទុក​ដាក់ទៅលើប្រធានបទការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈដើម្បីឆ្លើយតបនូវសំណើសំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការពិភាក្សាស្រាយបំភ្លឺអំពីបញ្ហានានាជាក្តីកង្វល់ និងតម្រូវការជាអាទិភាពជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន រកដំណោះស្រាយឱ្យបានសមស្រប ឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។

ក្នុងនោះអង្គវេទិកាបានបំភ្លឺឆ្លើយតប និងពាំនាំនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋធ្វើ​ការពិភាក្សាក្នុងកម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយជូនបងប្អូនទៅតាមផែនការអនុវត្តន៍កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់  រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

លោកជំទាវបានកោតសរសើរអង្គវេទិកាទទួលបាននូវរបកគំហើញថ្មីៗទៀត ក្នុងការអនុវត្តនូវប្រព័ន្ធអភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋានដោយធ្វើការដោះស្រាយ និងផ្តល់សេវារដ្ឋ  បាល សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពថែមទៀត៕

ដោយបៃ ស៊ីថុន

​​​