អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវជាតិ៧១C នៅចំណុចឃុំព្រែកកក់ ក្នុងស្រុកស្ទឹងត្រង់

វិទ្យុជាតិកម្ពុជា៖ ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម៖


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំថ្នាក់ដឹកនាំមន្រ្តីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវផ្លូវជាតិ៧១C ស្ថិតនៅចំណុចភូមិទួលពោរ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ខណៈ ផ្លូវ ស្ពាន មួយចំនួន នៅក្នុងខេត្ត បានទទួលរងការខូចខាត ដោយសារ គ្រោះទឹកជំនន់ទន្លេមេគង្គនេះ។
គួរកត់សម្គាល់ ថា មកដល់ពេលនេះ កំណាត់ផ្លូវជាតិ ៧១ C ស្ថិតនៅភូមិសាស្ត្រ ខាងលើ ត្រូវបានទឹកជន់លិច ដោយកន្លែង មានប្រវែងប្រមាណ ២គីឡូម៉ែត្រ និងកំពុងបង្កការលំបាក ទៅដល់ការធ្វើចរាចរឆ្លងកាត់ របស់ប្រជាពលរដ្ឋ ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កំណាត់ផ្លូវខាងលើនេះ ត្រូវបានទឹកជំនន់ទន្លេមេគង្គ ជន់លិចប្រមាណ ៣ថ្ងៃ កន្លងទៅហើយ ប៉ុន្តែ ដោយសារការចាំបាច់ នៃការប្រើប្រាស់ផ្លូវនេះ ពីស្រុកស្ទឹងត្រង់ ឆ្ពោះទៅកាន់ស្រុកចំការលើ ការចរាចរ នៅតែមមាញឹក បើទោះបីជា ទឹកលិចយ៉ាងណាក៏ដោយ ។
ឯកឧត្តមអភិបាល ខេត្តកំពង់ចាម បានដាស់តឿនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្តកិច្ច ត្រូវទប់ស្កាត់រថយន្តធន់ធ្ងន់ មិនឲ្យឆ្លងកាត់លើកំណាត់ផ្លូវខាងលើនេះ បើមិនដូច្នេះទេ វានឹងធ្វើឲ្យខូចខាតផ្លូវ នៅពេលទឹកស្រក់ផុតទៅ ។
ក្នុងឳកាសឯកឧត្តម អភិបាលខេត្ត បន្តដំណើរ ទៅពិនិត្យសកម្មភាព នៃការជួសជុសស្ពានស្រុត១កន្លែង ស្ថិតនៅភូមិទួលរកា ស្រុកស្ទឹងត្រង់ បន្ទាប់ពីស្ពានមួយនេះ បានរង់ការស្រុត ដោយសារទឹកហូរបុក កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា កន្លងទៅ លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីការរលំសរសរ ១ ដើម នៃស្ពានខាងលើ ក្រុមជំនាញបច្ចេកទេស បានសម្រេចសាងសង់បន្ថែមប៉ាណូ ចំនួន ២ជួរ កម្ពស់ ១ជាន់ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដើម្បី ពង្រឹងស្ពានឲ្យចរាចរបណ្តោះអាសន្ន ក្នុងរដូវទឹកជំនន់នេះ ដោយប្រើដែកប៉ាណូចំនួន ៣៦ផ្ទាំង ត្រង់កន្លែងសរសររលំ នោះ ។ មកដល់បច្ចុប្បន្ននេះ មន្ត្រីជំនាញបច្ចេកទេស កំពុងរៀបចំប៉ាណូនោះ ឡើងវិញ ៕