កម្ពុជាគ្រោងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យលើកដំបូងដើម្បីលើកកម្ពស់សិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖កម្ពុជាគ្រោងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យជាលើកដំបូងនៅកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម កត្តា អ៊ន សមាជិក និងជាអ្នកពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះថា ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យនេះទាមទាឲ្យមានការបង្កើតច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជាជាមុនសិន។

ឯកឧត្តម បន្តថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងនឹងបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ នៅមុនបំណាច់ឆ្នាំនេះ ដោយគ្រោងអញ្ជើញតំណាងគ្រប់ស្ថាប័នពាក់ព័ន្ធឲ្យចូលរួម ដូចជា អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន សហជីព និងក្រុមអ្នកច្បាប់ជាតិ និងអន្តរជាតិដើម្បីពិភាក្សាគ្នារកធាតុចូល         កែលម្អរច្បាប់នោះឲ្យបានល្អស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២០ខែធ្នូ ឆ្នាំ១៩៩៣ ព្រមទាំងមានស្តង់ដារជាតិ និងអន្តរជាតិ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំពិនិត្យឡើងវិញចំពោះសេចក្តីព្រាងច្បាប់នេះ  ខណៈ រាជដ្ឋាភិបាលធ្លាប់បានប្រគល់សិទ្ធិឲ្យអង្គការសង្គមស៊ីវិលមួយចំនួនជាអ្នករៀបចំកាលពី១៣ឆ្នាំមុន តែមិនទាន់បានសម្រេចជាដុំកំភួននៅឡើយ។

ឯកឧត្តមបន្ថែមថា ស្ថាប័នសិទ្ធិមនុស្សជាតិនេះ ជាស្ថាប័នឯករាជ្យ មិនស្ថិននៅក្រោមអំនាចនីតិបញ្ញតិ នីតិប្រតិបត្តិ និងអំណាចតុលាការ  ហើយ សមាសភាពធ្វើការក្នុងស្ថាប័ននេះ នឹងជ្រើសរើសចេញពីតំណាងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា តុលាការ  តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងក្រុមអ្នកច្បាប់ជាដើម។ ប៉ុន្តែត្រូវលាលែងពីស្ថាប័នឬអង្គការរបស់ខ្លួនដែលធ្វើការពីមុននោះ ដើម្បីធានាបាននូវឯករាជ្យពេលពួកគេចូលបំពេញការងារ៖ «ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យនេះ មានតួនាទី ស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្ស  និងចូលពិនិត្យនៅមន្ទីរឃុំឃាំងទាំងប្រទេសដោយេឯករាជ្យ។ ដោយឡែកថវិកា បើកប្រាក់ខែដល់បុគ្គលិក និងទ្រទ្រង់ឲ្យស្ថាប័ននេះ គឺរដ្ឋជាអ្នកទម្លាក់ថវិកាស្វយ័ត្ន ហើយក៏មានសិទ្ធិទទួលថវិកាពីអន្តរជាតិផងដែរ»

លោក សុន ពេញ នាយកប្រតិបត្តនៃអង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា(ស.ស.ក)បានគាំទ្រដល់រាជរដ្ឋាភិបាលដែលគ្រោងបង្កើតសថាប័នសិទ្ធិមនុស្សជាតិនេះ ហើយ នឹងចូលរួមចំណែក  កសាងសេចក្តីព្រាងច្បាប់នេះឲ្យស្របតាមការសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ១៩៩៣ ដែលតម្រូវឲ្យមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធលើសិទ្ធិកុមារនៅកម្ពុជា៕