​ប្រាក់​បៀវត្ស​រ៍សម្រាប់ខែកញ្ញា និងប្រាក់​ឧបត្ថម្ភ​ចំនួន៥ម៉ឺនរៀល ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវបើកតែមួយលើកក្នុងសប្ដាហ៍​ទីពីរ​នៃ​ខែ​កញ្ញានេះ

AKP ភ្នំពេញ​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំ​កុ​រ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅវិ​មានសន្តិភាព ​សម្ដេច​អ​គ្គ​មហា​សេ​នាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​លើកឡើង​ថា​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំកុរ ព.ស.​២៥​៦៣​ នេះ រាជរដ្ឋាភិបាលបានសម្រេច​បើក​ប្រាក់​បៀវ​ត្ស​​រ៍ស​ម្រា​ប់ខែកញ្ញាសរុបតែមួយលើក ​ព្រមទាំងផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន៥ម៉ឺនរៀលក្នុងម្នាក់​ ជូន​ដ​ល់​ម​ន្ត្រី​​រាជ​ការ​ កង​កម្លាំង​​ប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក​អណ្ដែត និង​មន្ត្រីចូល​និវត្តន៍ ​ក្នុង​សប្ដាហ៍​ទីពីរ​នៃ​ខែ​កញ្ញា​​។

នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្ដេចតេជោក៏បានបញ្ជា​ក់​ដែ​រ​ថា រា​ជ​រដ្ឋាភិបាលបានសម្រេចបញ្ចេញអង្ករចំនួន១.០០០តោន និងថវិកាចំនួន២.០០០​លាន​រៀល​ ជូន​ដល់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមជួយសង្រ្គោះដល់ប្រជាពលរដ្ឋ​នៅ​តាម​​បណ្ដា​ខេត្តទាំងឡាយដែលប្រឈមនឹងគ្រោះទឹកជំនន់។ គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ ត្រូវសហការជាមួយកាកបាទក្រហមកម្ពុជា ក្នុងការនាំយកអង្ករនិងសម្ភារ​ប្រើ​ប្រា​ស់​ផ្សេងៗ ដើម្បី​ចែក​ជូន​ប្រជា​ពល​​រដ្ឋ​ដែលរងគ្រោះដោយទឹកជំនន់។

រាជរដ្ឋាភិបាល​បាន​ណែ​នាំដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដី គ្រប់លំដាប់ ថ្នាក់នៃបណ្តា​ខេត្ត​នានា​​ដែលស្ថិត​តា​ម​​​ដង​ទន្លេ​ ពិសេសខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែល​កម្ពស់​ទឹក​កំពុង​លើស​​​កម្រិត​​ប្រកាសអាសន្ន ព្រមទាំងទឹកជំនន់ដោយទឹកភ្លៀងនៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបង្កើន​ការ​​​ប្រុ​ង​​​​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ការ​បាក់​ច្រាំង ខ្យល់កន្ត្រាក់ និង​ហានិ​ភ័យ​​​​​នានា​ដែលអាច​នឹងកើ​ត​ឡើ​ង ហើយ​ត្រូវ​​ត្រៀមជម្លៀស​ប្រជា​​ពល​រដ្ឋ​​ឱ្យបានទាន់ពេលវេលា​​ទៅ​កាន់​ទីទួល​​មាន​សុវត្ថិ​ភាព និង​ត្រូវ​យកចិត្តទុក​ដាក់​​ខ្ពស់​​​លើ​បញ្ហា​អនាម័យ ទឹកស្អាត និង​សត្វ​អសិរពិស ក្នុង​រដូវកាល​ទឹក​ជំនន់។ រាជរដ្ឋាភិបាលបានណែនាំ ដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវ​ស​ហ​ការ​​​ត្រៀ​ម​​ផ្ដល់ស្រូវពូជជូនដល់ប្រជាកសិករនៅតាមបណ្ដាខេត្តនានា ដែលបានដាំដុះ​ស្រូ​វ​វស្សា​​ហើយ​ទទួល​រង​ការ​ខូចខាតដោយ​គ្រោះ​ទឹក​ជំនន់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​បន្ត​ថា​ ចំពោះចំណូលដែលបានមកពី វិស័យប្រេង នឹងត្រូវ​ប្រើប្រាស់សម្រាប់​តែការកសាង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​រូបវន្ត​ដើម្បី​អភិវឌ្ឍ​ន៍ជាតិតែប៉ុណ្ណោះ ដោយមិនត្រូវយកមកប្រើសម្រាប់​ចំណាយ​ចរន្ត​នោះ​ឡើយ​។ ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងសហការ​យ៉ាងសកម្មជាមួយ​រដ្ឋ​បា​ល​ដែន​ដី ក្នុងប្រតិបត្តិការទាញយកចេញសាឡង់ដឹកខ្សាច់មួយគ្រឿង​ដែលបាន​បើកបុកសសរ​ស្ពា​ន​​ព្រែកតា​មាក់ ​កាល​ពី​​ថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីចៀសវាងផលប៉ះ​ពាល់​ដល់​ស្ពាន​ ក៏ដូចជា​សុវត្ថិភា​ព​នៃការធ្វើ​ដំណើ​រ​​របស់ ប្រជាពលរដ្ឋ។  រាជរដ្ឋាភិបាល​តាមរយៈសាលា​រាជ​ធា​នីភ្នំពេញ បានសម្រេចបញ្ចេញ រថយន្ត ក្រុង​សាធារ​ណៈ​​​​របស់​​សាលា​រាជធានីភ្នំពេញ ចំនួន​១​២០គ្រឿង ក្នុង​រយៈ​ពេល​៥(ប្រាំ)ថ្ងៃ​ ​ចាប់ ពីថ្ងៃទី២៦ ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា​ ឆ្នាំ២០១៩ ដើម្បីដឹក​ជញ្ជូន​ប្រជាពលរដ្ឋធ្វើ​ដំណើរ​ពីរាជ ធានីភ្នំពេញ​ទៅ​​ស្រុកកំណើតតាមបណ្តាខេត្តនានា ដើម្បី​ជួ​បជុំ​បងប្អូន ក្រុមគ្រួសារ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយមិនគិត​កម្រៃ​សេវា។

រាជរដ្ឋាភិបាលបា​នសម្រេចឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជ ធានី​ភ្នំពេញ បន្តផ្ដល់​សេវា​​​​​​ដឹ​ក​​ជញ្ជូនតាមរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយ​ឥតគិត​ថ្លៃ​រយៈ​ពេ​ល​២ឆ្នាំបន្ថែមទៀត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ជូន​ដល់​ព្រះ​​សង្ឃ​ ចាស់ជរា ជនពិការ កុមារ សិស្ស និស្សិត កីឡាករ និងកម្មករ កម្មការិនី។ ជាងនេះទៀត រាជរដ្ឋាភិបាលបានត្រៀម iPad ចំនួន ៤៤៣គ្រឿង ដើម្បីប្រគល់ជូនដល់​សិស្សា​នុ​សិ​ស្ស​ដែល​បាន​​​ប្រឡងជាប់​និទ្ទេស ​A ក្នុងការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  នា​ស​ម័យប្រឡងថ្ងៃទី១៩ ខែ​​​​​សី​ហា​ ឆ្នាំ២០​១៩​ កន្លងមក៕

ដោយ ជឹម ណារី