អភិបាលខេត្តព្រះសីហនុ បានទទួលអំណោយឧបត្ថម្ភពីសប្បុរសជន

AKP ព្រះសីហនុ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំ ណោយឧបត្ថម្ភពីសប្បុរសជន មានម៉ូតូហុងដាវ៉េវចំនួន ០៥គ្រឿង រួមទាំងថវិកា ចំនួន២០ លានរៀលពីក្រុមហ៊ុនផលិតបេតុង និងទទួលអង្ករចំនួន២តោនកន្លះ រួមទាំងមី១០កេសធំ ពីកាស៊ីណូ យ៉ាឌូលី នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១៣កើត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះសប្បុរជន ក្រុមហ៊ុនផលិតបេតុង ជុងលី ដែលបានឧបត្ថម្ភ នូវម៉ូតូហុងដា វ៉េវចំនួន០៥គ្រឿង រួមទាំងថវិកា២០លានរៀល  និងកាស៊ីណូ យ៉ាឌូលី ឧបត្ថម្ភអង្ករ ២តោនកន្លះ រួមទាំងមី១០កេសធំ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ និងជាវប្បធម៌ចែករំលែកជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកទៅចែកជូនប្រជាពល រដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ក្មេង កំព្រា និងប្រជាជនរងគ្រោះធម្មជាតិផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយឧបត្ថម្ភទាំងអស់នេះ រដ្ឋបាលខេត្ត នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀង ប្រជាពលរដ្ឋទីទ័ល ក្រពិតប្រាកដ និងចំគោលដៅនៅ ពេលខាងមុខ។ រដ្ឋបាលខេត្ត និងនៅតែរង់ចាំទទួល អំណោយមនុស្សធម៌ទាំងអស់នេះបន្តទៀត តាមលទ្ធភាពរបស់សប្បុរស ដែលចូលរួមបរិច្ចាគធនធានជាមួយរដ្ឋបាលខេត្ត ដើម្បីចែករំលែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅក្នុងខេត្តព្រះសីហនុបានទាន់ពេលវេលា៕

ដោយ ងូ សុមុនី