ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចាត់ទុកប្រតិបត្តិករទេសចរ ជាភ្នាក់ងារសំខាន់​ក្នុងការផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចរ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ចង់ឱ្យប្រតិបត្តិករទេសចរ និងភ្នាក់​ងារ​ពាក់ព័ន្ធ ចូលរួមអភិវឌ្ឍន៍ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជាបន្ថែម ដើម្បីធ្វើ​យ៉ាង​ណា ឱ្យភ្ញៀវទេសចរ អាចចាយឱ្យបានច្រើននៅកម្ពុជា។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមាន ប្រសាសន៍ថា ដើម្បីឱ្យភ្ញៀវទេសចរ យកលុយមកចាយឱ្យបានច្រើននៅកម្ពុជា ប្រតិបត្តិករ​ទេសចរ និងភាគីពាក់ព័ន្ធ គួររៀបចំតម្លៃ និងសេវាកម្ម ឱ្យមានលក្ខណៈស្ដង់ដាររួមមួយ ដើម្បី​សម្រួលដល់ការចាយវាយ និងស្នាក់នៅរបស់ភ្ញៀវទេសចរ។ លោកជំទាវបន្ថែមថា ដើម្បី​បង្កើន​ចំនួនភ្ញៀវទេសចរ មកទស្សនានៅកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ក្រសួងទេស​ចរណ៍ គួរតែលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរឱ្យបានច្រើន ដើម្បីបន្តចូលរួមផ្សព្វ​ផ្សាយ​ពីតំបន់​ទេសចរណ៍កម្ពុជា ជាលក្ខណៈកញ្ចប់ទៅកាន់ទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នា​នេះ ជំរុញឱ្យមានការស្វែងរកនូវរមណីដ្ឋានទេសចរថ្មីៗបន្ថែម ខណៈដែលកម្ពុជា កំពុងផ្តោត​សំខាន់ទៅលើទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះកម្ពុជា សម្បូរធនធានទេសចរណ៍​បែប វប្បធម៌​ប្រវត្តិសាស្ត្រ និងធម្មជាតិ។

កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាបង្កើតជា «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែម​ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក ខណៈបច្ចុប្បន្ន កម្ពុជាបាន​និង​កំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន៨ប្រទេស រួមមាន ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា រួមទាំងអាស៊ានបូកបី អារ៉ាប់ និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសផ្សេងៗ​ទៀត។ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា សម្រាប់រយៈពេល៧ខែ ដើម​ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣.៨លាននាក់ កើនឡើង ១១.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយតាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ និងបង្កើតការងារ​ដោយ​ផ្ទាល់​ប្រមាណជិត១លាននាក់។ ទន្ទឹមនេះ តម្រូវការផ្សេងៗក្នុងឧស្សាហកម្មនេះ នឹងមានការ​កើនឡើងបន្ថែម ដោយក្នុងនោះ តម្រូវការបន្ទប់ស្នាក់នៅ លំដាប់ស្ដង់ដារ អាចនឹងកើនឡើង​ក្នុងរង្វង់ប្រមាណ៧.០០០ ទៅ១៦.០០០ បន្ទប់ នៅឆ្នាំ២០២០ ខាងមុខនេះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងមក វិស័យទេសចរណ៍កម្ពុជា អាចរកចំណូល បានប្រមាណ៤.៣៥ពាន់លានដុល្លារអាម៉េរិក និងរំពឹងកើនដល់៥.០០០លានដុល្លារ នៅឆ្នាំ​២០១៩​នេះ ដោយក្នុងនោះ ភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជាមានចំនួន៨៨៧.០៣៩ នាក់ នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ហើយឈរនៅលេខរៀងទី១៕

ដោយ ម៉ៅ ចរិយា