អភិបាលខេត្តព្រះសីហនុ ទទួលអាហារូបករណ៍សិក្សានៅប្រទេសថៃ ចំនួន១០កន្លែង និងនៅប្រទេសចិនចំនួន៥កន្លែង

AKP ព្រះសីហនុ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលអាហា រូបករណ៍ទៅសិក្សានៅប្រទេសថៃចំនួន១០កន្លែង និងអាហារូបករណ៍ទៅសិក្សានៅប្រទេស ចិនចំនួន៥កន្លែង ជូនដល់សិស្ស និស្សិតដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ ក្រៅប្រទេសតាមរយ:ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហា រូបករណ៍(ស២) នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ (ស2)បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍បានផ្ដល់ អាហារូបករណ៍សម្រាប់សិស្សនិស្សិតខេត្តព្រះសីហនុ ដែលចង់បន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សាក្រៅប្រទេសចំនួន១៥កន្លែង ក្នុងនោះមានអាហារូបករណ៍ទៅសិក្សា នៅប្រទេសថៃ១០កន្លែង និងអាហារូបករណ៍សិក្សានៅ ប្រទេសចិនចំនួន៥កន្លែង។

ឯកឧត្តមបានបញ្ជាក់ថា នឹងបន្តផ្ដល់អាហារូបករណ៍នេះ ជូនដល់សិស្ស និសិ្សតខេត្តព្រះសីហនុ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំខាងមុខបន្តទៀត។ ឯកឧត្តមនឹងបន្តស្វែងរកអាហារូបករណ៍នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប ដើម្បីបង្កើនធនធានមនុស្ស ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការស្វាគមន៍ ចំពោះឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ (ស2) ដែលបានផ្ដល់ អាហារូបករណ៍សម្រាប់សិស្ស និស្សិតខេត្តព្រះសីហនុ នាពេលនេះ  សបញ្ជាក់ពីសកម្មភាព ការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានអញ្ជើញឯកឧត្តមបណ្ឌិតប្រធាន ក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ (ស2) ចូលរួមក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដល់ សិស្សានុសិស្សជ័យលាភី និទ្ទេស A ចំនួន១៣នាក់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងមក។ ពិធីផ្តល់រង្វាន់នេះ ធ្វើនៅវិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ ងូ សុមុនី