រដ្ឋមន្ត្រីក្រសួងការងារ ទទួលគោរមងារជាវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជា​ប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់​ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្ម​អាស៊ានគោរព ប្រគល់ជូនឯកឧត្ដមបណ្ឌិត អ៊ិត  សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះ​បណ្ដលវិជ្ជាជីវៈកម្ពុជានាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជានាពេលកន្លងមក ព្រមទាំង  ឯកឧត្តមជាឥស្សរជនជាន់ខ្ពស់ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជា។

ក្នុងពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្ម​អាស៊ាន (CAFEO-37) ក្រោមវត្តមានអញ្ជើញចូលរួមបើកដោយ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី  នៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សា​​ការតា ប្រទេសឥណ្ឌូណេស៊ី ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី  ក៏ទទួល​បាន​គោរមងារ «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» នេះ ផងដែរ៕

ដោយ ប៊ុនរិទ្ធ