ប្រធានសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា៖ អ្នកធ្វើអាជីវកម្មបណ្តាញនៅមានកង្វះការអប់រំ ចំណេះដឹង និងផ្លូវច្បាប់ ងាយបង្កហានិភ័យដល់អ្នកប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានសមាគមអ្នកទីផ្សារបណ្តាញកម្ពុជាបានលើកឡើងថា អ្នកធ្វើអាជីវកម្មតាមបណ្តាញនៅ​កម្ពុជាគឺនៅមានកង្វះការអប់រំ ចំណេះដឹងវិជ្ជាជីវៈ និងផ្លូវច្បាប់ដែលធ្វើឱ្យងាយបង្កហានិភ័យ​ដល់អ្នកប្រើប្រាស់។ ការអះអាងបែបនេះ ស្របពេលដែលទីផ្សារបណ្តាញនៅប្រទេសកម្ពុជា​កំពុង​មានសកម្មភាពយ៉ាងផុលផុស ហើយអ្នកប្រកបរបរមួយនេះ ជួបបញ្ហាប្រឈមច្រើន​នៅចំពោះមុខ ខណៈសមាជិកសមាគមអ្នកធ្វើអាជីវកម្មបណ្តាញមានចំនួនជាង៧ពាន់នាក់។

លោកបណ្ឌិត ឡី សុភាព ប្រធានសមាគម អ្នកទីផ្សារបណ្តាញកម្ពុជា និងជា​នាយក​វិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា បើ​តាម​ការកត់សម្គាល់ឃើញថាអាជីវករ ដែលកំពុងប្រតិបត្តិការអាជីវកម្ម បណ្តាញបច្ចុប្បន្ន នៅ​មានកង្វះការអប់រំ ចំណេះដឹងវិជ្ជាជីវៈ មិនទាន់ច្បាស់លាស់ធ្វើឱ្យងាយបង្កហានិភ័យបង្ក ការ​ប៉ះពាល់ដល់អ្នកប្រើប្រាស់និងពិសេសផ្លូវច្បាប់ថែមទៀត។ លោកបណ្ឌិតក៏បានអំពាវ​នាវឱ្យ​អ្នកប្រកបលើមុខរបរនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ​ហើយដើម្បីចៀសវាងកំហុសឆ្គងទាំង​អស់​នេះ​ពួកគេងាកមករៀនសូត្រឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ អ្វីដែលសំខាន់នោះគឺត្រូវឆ្លង​កាត់ការ​បណ្តុះបណ្តាល និងមានវិញ្ញាបនបត្របញ្ជាក់ពីជំនាញអាជីវកម្មទីផ្សារបណ្តាញ។

លោកបណ្ឌិតបានបន្ថែមថា “យើងឃើញថាទីផ្សារ បណ្តាញយើងបច្ចុប្បន្នមានអ្នក​ប្រកបមុខរបរនេះច្រើនតែពួកគាត់មិនបានយល់ដឹងពីបញ្ហាហានិភ័យនោះទេ។ ហេតុនេះ មានតែការទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះប៉ុណ្ណោះ ទើបអាចចៀសផុតពីរឿងធំៗ។” លោកបណ្ឌិតបានលើកឡើងថា បើក្រុមហ៊ុនដែលមិនមានប្រភពច្បាស់លាស់ ការចែកភាគ​លាភ និងប្រយោជន៍មិនសមភាព បានត្រឹមសន្យាខ្យល់ ហើយបិទទៅបាត់ទៅ ជាពិសេសអ្នក​ប្រកបអាជីវកម្មទីផ្សារបណ្តាញ អាចនិយាយលើស ឬចាញ់បោកតគ្នា និងបោកប្រាស់តគ្នា ដោយមិន​ដឹងខ្លួន។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ចំពោះការបានទទួលបណ្តុះបណ្តាលនេះ ធ្វើឱ្យយើង ដឹងមិនអាចឱ្យគេមកបោកប្រាស់បាន ហើយការនិយាយស្តីអំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដែលយើងកំពុងប្រតិបត្តិការនេះ ឃោសនាបានត្រឹមត្រូវ មិនបំផ្លើសការពិត ធ្វើឱ្យ​ទីផ្សារកាន់តែល្អប្រសើរ ក្នុងការប្រកបអាជីវកម្មទីផ្សារបណ្តាញទាំងខ្នាតតូច និងមធ្យមដោយ ធ្វើឱ្យអតិថិជន កាន់តែមានជំនឿ និងអាជីពមួយនេះឱ្យកាន់តែរឹងមាំ។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមប្រធានសមាគម អ្នកទីផ្សារបណ្តាញ កម្ពុជាខ្ញុំចង់ ឱ្យមានការអភិវឌ្ឍដែលធ្វើឱ្យយុវជន និងប្រជាពលរដ្ឋប្រកបអាជីវកម្មខ្នាតតូច និងមធ្យមនេះ មានជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបានត្រឹមត្រូវ ស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាល”។

លោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន NSZ World ដែល ជាក្រុម ហ៊ុនបានប្រកាសគាំទ្រ ចំពោះការអំពាវនាវរបស់សមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ដោយ​បាន​បញ្ជូន និងបញ្ជ្រាបទៅដល់សមាជិក អ្នកប្រកបអាជីវកម្មទីផ្សារ បណ្តាញរបស់ខ្លួន​ចូល​រួមវគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលជាវិទ្យាស្ថាន​ឈានមុនគេ និងដំបូងគេបង្អស់ដែលទទួលស្គាល់ ដោយរាជរដ្ឋាភិបាលផ្ទាល់នូវជំនាញ​បណ្តុះ បណ្តាល ច្បាប់បទដ្ឋានគតិយុត្ដ ពីអាជីវកម្មទីផ្សារបណ្តាញនៅកម្ពុជា។ លោកបានបន្ដថា ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេទើបក្រុមហ៊ុនរបស់លោកប្រែក្លាយជាក្រុមហ៊ុនស្របច្បាប់ ដើម្បីបញ្ចៀសហានិភ័យទៅថ្ងៃមុខ សម្រាប់អ្នកទីផ្សារបណ្តាញខ្លួនឯង និងប្រជាជនកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា ធុរកិច្ចទីផ្សារបណ្តាញ ឬហៅថា MLM (Multi-level-Marketing) គឺជាការ ធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ ក្នុងលក្ខណៈ នៃការលក់ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ ទៀត ដោយក្រុមហ៊ុន ឬសហគ្រិន នឹងផ្តល់ឱកាសក្នុងការធ្វើធុរកិច្ចដល់អ្នកលក់សេរី និង មនុស្សគ្រប់គ្នាមិនថា អ្នកគឺជានរណា បញ្ចប់ការសិក្សាកម្រិតណានោះទេ អ្នកអាចចូលរួមធ្វើ​ធុរកិច្ចទីផ្សារបណ្តាញ បានទាំងអស់៕

ដោយ ប៊ុនរិទ្ធ