ប្រទេសម៉ាឡេស៊ីបិទសាលារៀនជាង ៤០០ ដោយសារបញ្ហាអ័ព្ធខ្លាំង

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប្រធាននាយកដ្ឋានអប់រំរដ្ឋនៃប្រទេសម៉ាឡេស៊ីបាននិយាយថា ប្រទេសម៉ាឡេស៊ី បានបិទសាលារៀនរាប់រយនៅក្នុងរដ្ឋសារ៉ាវ៉ាក់ បន្ទាប់ពីគុណភាពខ្យល់បានធ្លាក់ចុះដោយសារតែបញ្ហានៅមានអ័ព្ទជាបន្ត។

យោងតាមប្រធាននាយកដ្ឋាននេះបានឱ្យដឹងថា សាលារៀនបឋមសិក្សាចំនួន ៣៤៧ និងអនុវិទ្យា-ល័យចំនួន ៦២ នៅក្នុងស្រុកចំនួន ៩ ត្រូវបានបិទ ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សជាង ១៥ម៉ឺននាក់។

យោងតាមនាយកដ្ឋានបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់នៅក្នុងផ្នែកជាច្រើននៃរដ្ឋនេះត្រូវបានគេវាយតម្លៃថា «មិនមានសុខភាពល្អ» ជាមួយនឹងសន្ទស្សន៍នៃការបំពុលបរិយាកាសក្នុងចន្លោះពី ១២០ ទៅ ១៨៦ពិន្ទុ។

យោងទៅតាមការវាយតម្លៃគុណភាពខ្យល់របស់ប្រទេសនេះបានឱ្យដឹងថា API ដែលមានពិន្ទុចន្លោះពីសូន្យ ដល់ ៥០ គឺ «ល្អ» ពិន្ទុពី ៥១ ទៅ ១០០ គឺ «មធ្យម» ពិន្ទុពី ១០១ ទៅ ២០០ គឺ «មិនមានសុខភាព» ពិន្ទុពី ២០១ ទៅ ៣០០ គឺ «មិនមានសុខភាពខ្លាំង» និងចាប់ពីពិន្ទុ ៣០១ ឡើងទៅ គឺ «មានគ្រោះថ្នាក់»។ សាលារៀនទាំងនោះនឹងត្រូវបិទភ្លាមៗ ប្រសិនបើ API នៅក្នុងស្រុកនោះមានការកើនឡើងលើសពី ២០០ពិន្ទុ។

ទន្ទឹមនឹងនេះដែរ ផ្នែកខ្លះនៃឧបទ្វីបម៉ាឡេស៊ីបានកត់ត្រា API មួយដែលមានពិន្ទុចន្លោះពី ១០២ ទៅ ១៩៥ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ គឺស្រុក Rompin ក្នុងរដ្ឋ Pahang ខណៈដែលរដ្ឋធានីគូឡាឡាំពួបានកត់ត្រានូវ API ដែលមានពិន្ទុ ១៥៨ ។

អាជ្ញាធររដ្ឋសារ៉ាវ៉ាក់បានផ្តល់របាំងបិទមុខចំនួន ៥០០.០០០ សម្រាប់ប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងរៀបចំផែនការបង្កើតពពក ដើម្បីធ្វើឱ្យមានភ្លៀងធ្លាក់       ខណៈដែលគុណភាពខ្យល់នៅតាមតំបន់ជាច្រើននៃប្រទេសបានឈានដល់កម្រិតមិនល្អដោយសារតែផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃ នៅប្រទេសឥណ្ឌូណេស៊ីដែលនៅជិតខាង។

ផ្សែងអ័ព្ទជាទៀងទាត់គ្របដណ្ដប់ផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ក្នុងរដូវប្រាំង នៅពេលដែលមានការដុតរបស់ប្រជាជនឥណ្ឌូណេស៊ី ដើម្បីឈូសឆាយដីសម្រាប់ដំណាំដូងប្រេង និងដំណាំផ្សេងៗទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)