ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងគុយបា ស្វែងរកការបង្កើនភាពជាដៃគូឱ្យកាន់តែខ្លាំង

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​  — កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក Nguyen Duc Loi និងប្រធានទីភ្នាក់ងារសារព័ត៌មាន Prensa Latina (PL) នៃប្រទេសគុយបា លោក Luis Enrique Gonzalez Acosta បានជួបពិភាក្សាការងារនៅទីក្រុងហាណូយ ដើម្បីពិនិត្យមើលលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេនាពេល អនាគត។

ថ្នាក់ដឹកនាំ PL បានថ្លែងអំណរគុណដល់ VNA ក្នុងឱកាសគម្រប់ខួប ៧៤ឆ្នាំនៃការបង្កើតរបស់ខ្លួន នឹងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលបានគាំទ្រប្រកបដោយប្រសិទ្ធភាពក្នុង  រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកបាននិយាយថា បើគ្មានការគាំទ្រ និងជំនួយពី VNA ទេ វានឹងមានភាពពិបាកសម្រាប់ PL ដើម្បីសម្រេចរាល់កិច្ចការដែលបានកំណត់ក្នុងបរិបទដែលប្រទេសគុយបាកំពុងប្រឈម នឹងការរឹតត្បិតលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

ដោយទទួលបានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ភាគីទាំងពីរបានផ្តល់ឱ្យគ្នាទៅវិញទៅមកនូវសារព័ត៌មានរូបភាព និងសារព័ត៌មានតាមទូរទស្សន៍ជាភាសាអង់គ្លេស បារាំង និងអេស្ប៉ាញ ខណៈដែលបានបញ្ជូនអ្នកជំនាញទៅធ្វើការនៅការិយាល័យរបស់ភាគីនីមួយៗ។

ដោយបានលើកស្ទួយនូវការផ្លាស់ប្តូរព័ត៌មានជាភាសាអេស្ប៉ាញរវាងភាគីទាំងពីរ ថ្នាក់ដឹកនាំ VNA បានអះអាងថា សារព័ត៌មានរបស់ PL គឺជាប្រភពសំខាន់មួយសម្រាប់ VNA ជាពិសេសក្នុងការធ្វើបច្ចុប្បន្នភាពអ្នកអានព័ត៌មានរបស់អាម៉េរិកឡាទីន និងវេណេហ្ស៊ុយអេឡា។

លោកបានកត់សម្គាល់ថា បណ្តាអ្នកជំនាញរបស់ PL បានធ្វើការប្រកបដោយប្រសិទ្ធភាពនៅក្នុងទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងការបង្កើតព័ត៌មានជាភាសាអេស្ប៉ាញ នឹងជួយបណ្តុះបណ្តាលដល់អ្នកនិពន្ធវ័យក្មេង ក៏ដូចជាការបោះពុម្ព នឹងផ្សព្វផ្សាយរូបភាពវៀតណាមជាភាសាអេស្ប៉ាញសម្រាប់តំបន់អាម៉េរិកឡាទីនផងដែរ ៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)