សហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រៀមកីឡាករ ៦នាក់ចូលរួមប្រកួតក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — សហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្កើនការហ្វឹកហាត់ ដល់ក្រុមកីឡាករជម្រើសជាតិ របស់ ខ្លួនចំនួន៦នាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី​៣០ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា កីឡាករប្រណាំងកង់ទាំង៦ នាក់កំពុងបោះជំរំហ្វឹកហាត់នៅតាមបណ្តាខេត្តមួយចំនួន ដូចជានៅ ខេត្តសៀមរាប ខេត្តកែប និងលើភ្នំបូកគោ ខេត្តកំពត ដើម្បីបង្កើនកម្រិតបច្ចេកទេសឱ្យកាន់តែល្អប្រសើរសម្រាប់ ត្រៀម​ខ្លួនចូលរួមប្រកួតនៅក្នុងស៊ីហ្គេម ចុងឆ្នាំ ២០១៩នេះ។

សម្រាប់កីឡាករទាំង៦នាក់ ដែលហ្វឹកហាត់ត្រៀមនេះ រួមមាន៖ កីឡាករលើប្រភេទ​កង់គួក យឿន សីហា, យឿន ភីយុទ្ធ, សាន ណាម៉ាវ និងគឹម ចាន់ធូ និងប្រភេទកង់ភ្នំ មានកីឡាករ ហួត   លយរស្មី និងកីឡាករ សាំង សីហា ក្រោមការដឹកនាំ បង្ហាត់ពីគ្រូបង្គោល លោក ផេង ប៉ូលីន និងគ្រូជំនួយ គ្រូជំនួយ ហុង ច័ន្ទមករា។ កីឡាករជម្រើសជាតិ​ទោចក្រ​យាន​ទាំង៦នេះ គឺជាកីឡាករជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិ កន្លងទៅ។

គួរបញ្ជាក់ថា ប្រភេទកីឡាប្រណាំងកង់នេះ ស្ថិតនៅក្នុងប្រភេទកីឡាទាំង៣០ ដែល​ក្រសួង​​អប់រំ យុវជន និងកីឡាបានត្រៀមសម្រាប់ការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ី​ហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយក្នុងនោះមាន៩ប្រភេទកីឡាត្រូវបាន​ចាត់ចូលជាប្រភេទកីឡាសក្តានុពល ក្នុងការប្រជែងមេដាយ ដូចជាប្រភេទកីឡាតេក្វាន់ដូ-WT ប្រដាល់គុនខ្មែរ និងប៉េតង់ជាដើម ដែលធ្លាប់យកឈ្នះ មេដាយមាស កាលពីស៊ីហ្គេម លើកទី​២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី៕

ដោយ ហេង ណាលីន