ក្រុមម្ចាស់ផ្ទះ កម្ពុជា ចាញ់ ក្រុមភ្ញៀវ បារ៉ែន ០-១ ក្នុងវគ្គសន្សំពិន្ទុ ពូលC ជុំទី២ FIFA World Cup

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ ក្រុមជម្រើសជាតិបារ៉ែន ដោយលទ្ធផល បច្ចេកទេស ០-១ កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិអូឡាំពិក ក្រោម​ក្រសែភ្នែកទស្សនិកជនចូលរួមទស្សនា ដោយផ្ទាល់ប្រមាណ៥ម៉ឺន៥ពាន់នាក់ នៃ វគ្គសន្សំពិន្ទុ ក្នុងពូល C ជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup។

ក្រុមម្ចាស់ផ្ទះកម្ពុជា ដែលមានចំណាត់ថ្នាក់ពិភពលោក១៧០ បានប្រកួតចាញ់ក្រុម​ចំណាត់​ថ្នាក់ពិភពលោក ១០៩ គឺក្រុមបាល់ទាត់បារ៉ែន ត្រឹមតែ១គ្រាប់ប៉ុណ្ណោះ នៅនាទី ៧៨ ដោយកីឡាករ Kamil Al-Aswad។ បើទោះបីជាចាញ់ក្រុមខ្លាំង បារ៉េន បែបនេះក៏ដោយ ក៏ប្រិយ​មិត្តអ្នកគាំទ្របានបង្ហាញនូវការពេញចិត្ត ចំពោះទម្រង់លេងដោយភាពក្លាហាននៅលើទីលាន ព្រមទាំងលេងស៊ីសង្វាក់គ្នាបានល្អ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត, លោក Felix G. Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា «ទោះបីជាគូប្រកួតនាំមុខយើង១គ្រាប់​ក៏ដោយ តែយើងឃើញថា កីឡាករកម្ពុជានៅតែលេងតាមទម្រង់របស់យើង ដោយមានការ​ប្រកួតប្រជែងខ្លាំង និងព្យាយាមរក្សាបាល់។ យើងឃើញចំណុចល្អរបស់កីឡាករកម្ពុជា លេង​ស៊ីសង្វាក់គ្នា បើទោះបីជាប៉ះជាមួយក្រុមខ្លាំងក៏ដោយ ក៏យើងលេងដោយភាពក្លាហាន និង​មាន​ឆន្ទៈមុះមុត។” លោកបានបន្ដថា ទោះបីជាយើងមិនទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្តែ​ការប្រមូលផ្តុំកីឡាករជម្រើសជាតិកម្ពុជាលើកនេះ គឺពិតជាអស្ចារ្យ ទាំងក្នុងទីលាន និងក្រៅ​ទីលាន។ លោកក៏បានថ្លែងអរគុណចំពោះអ្នកគាំទ្រកម្ពុជា ដែលតែងតែមកគាំទ្រដោយ​ផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់។

សម្រាប់លោក Helio Sousa គ្រូបង្គោលបារ៉ែនវិញ បានអះអាងដែរថា “ពួកយើង​ពិតជាសប្បាយចិត្ត ដែលយើងអាចរកបាន៣ពិន្ទុ ក្នុងការប្រកួតនេះ យើងមានឱកាសច្រើន ប៉ុន្តែ​យើងសម្រេចទីបានតែ១គ្រាប់។ កម្ពុជា គឺជាក្រុមល្អមែនទែន ជាក្រុមមួយ កំពុងមាន​ការអភិវឌ្ឍ ដោយពួកគេព្យាយាមលេងបាល់ រក្សាបាល់បានល្អ ហើយ យើងបានព្យាយាមកែ​ប្រែស្ថានការណ៍បាន។”

គួរបញ្ជាក់ថា ២ប្រកួតបន្ទាប់របស់កម្ពុជា ក្នុងវគ្គសន្សំពិន្ទុនៃពូល Cនេះ គឺកម្ពុជាត្រូវ​ហោះទៅប្រកួតជាមួយម្ចាស់ផ្ទះ អ៊ីរ៉ង់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្រុមកម្ពុជានឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមជម្រើសជាតិ អ៊ីរ៉ាក់ នៅពហុ​កីឡដ្ឋានជាតិអូឡាំពិក៕

ដោយ ហេង ណាលីន