KOICA អញ្ជើញមន្រ្ដីជាន់ខ្ពស់កម្ពុជាចូលរួមក្នុង​ទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​អន្តរ​ជាតិឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ នាចុងខែវិច្ឆិកាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានតំណាងថ្មី​របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំ​ការិយាល័យ​ប្រទេសកម្ពុជា បានអញ្ជើញមន្រ្ដីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅចូលរួម​នៅក្នុងកម្ម​វិធីទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩   ដែលនឹងប្រព្រឹត្ដទៅនៅ​សាធារ​ណរដ្ឋកូរ៉េ នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ ការលើកឡើងនេះ ក្នុងជំនួបសម្ដែង​ការគួរ​សម​ជាមួយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ KOICA។

ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ទាក់ទង នឹង​ទិវាស្ដី​ពី​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩នៅសាធារណរដ្ឋកូរ៉េ,​ វឌ្ឍនភាព បច្ចុប្បន្ន នៃការជ្រើសរើសគម្រោងថ្មីសម្រាប់ឆ្នាំ២០២១,  ពិនិត្យវឌ្ឍនភាពនៃ កិច្ចសហប្រតិ បត្តិការ និងកំណត់វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងថ្មី​ របស់ទីភ្នាក់ងារ​សហប្រតិ​បត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជាបានលើកឡើងថា ការអញ្ជើញ​មន្រ្ដីជាន់ខ្ពស់កម្ពុជាទៅចូលរួមក្នុងទិវានេះ ដោយមើលឃើញពីសារៈសំខាន់ និងបានបង្ហាញ “គោល​នយោ​បាយថ្មីភាគខាងត្បូងដល់តំបន់អាស៊ាន” ដែលមានគោលបំណងពង្រឹងកិច្ច​សហ ប្រតិ​បត្តិ​ការជាមួយសមាជិកអាស៊ានរួមទាំងប្រទេសកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ទិវា​នេះ ក៏នឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីសន្តិភាព​ វិបុលភាព និងប្រជា​ជន​៣០​ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-អាស៊ាន។ លោកបានអះអាង​ថា ទីភ្នាក់ងារ KOICA នឹងបង្កើនការបើកផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ(ODA)សម្រាប់​អាស៊ាន​រហូតដល់២០ភាគរយនៅឆ្នាំ២០២៣ ដើម្បីឆ្លើយតបនឹងគោលនយោបាយថ្មីភាគខាង​ត្បូងរបស់ប្រទេសកូរ៉េ។ លោកប្រធាន KOICA ក៏បានបន្ថែមថា ប្រទេសកម្ពុជាគឺជាប្រទេស​ដៃគូសំខាន់មួយ ដែលបច្ចុប្បន្ននេះ កម្ពុជាជាប្រទេសទី៣ដែលទីភ្នាក់ងារកយកាបានបើក​ផ្ដល់​ហិរញ្ញប្បទានច្រើនជាងគេ។ ជាមួយគ្នានេះ KOICA គឺជាដៃគូប្រកបដោយមោទនភាព របស់ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាអស់រយៈពេលជាងពីរទសវត្សមកហើយ។ លោក​ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាង KOICA និងកម្ពុជា ហើយ KOICA បានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការ​អនុវត្តគម្រោងថ្មីៗបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឈៀង យ៉ាណារ៉ា បានមានប្រសាសន៍ថា​ នឹងពិនិត្យលទ្ធ​ភាព​ក្នុងការចូលរួម ហើយចាត់ទុកទិវាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិឆ្នាំ២០១៩ នឹងផ្ដល់កាលានុវឌ្ឍភាពដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ជាមួយ​កម្ពុជា និងជាមួយអាស៊ានក្នុងក្របខ័ណ្ឌនៃការផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ(ODA)។

ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ​សហ​ប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ​ប្រទេសកម្ពុជាលើ​គ្រប់វិស័យ។

គួរកត់សម្គាល់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ កាន់តែ​ប្រសើរឡើង និងទូលំទូលាយថែមទៀត ជាក់ស្តែង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលបាន​ពង្រីក ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមរបស់ប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។​ KOICA ជាដៃគូជិតស្និទ្ធ​របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អស់រយៈពេលជាង២០ ឆ្នាំមកហើយ។ ដោយសារ ភាពជាដៃគូ មិត្តភាព និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយ KOICA ចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ ២០១៩ បាន​កើន​ឡើងដល់២៧០លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០១៩ KOICA គ្រោងបើកផ្ដល់​ហិរញ្ញ​ប្បទានដល់ប្រទេសកម្ពុជា ប្រមាណ២០លានដុល្លារអាម៉េរិក៕

ដោយ អ៊ុន រិទ្ធី