អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញប្រជាពលរដ្ឋម្ចាស់ដីចូលរួមសហការជាមួយ​ក្រុមចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ — អាជ្ញាធរខេត្តបន្ទាយមានជ័យបានជំរុញដល់ប្រជាពលរដ្ឋម្ចាស់ដីត្រូវចូលរួមសហការ​​ជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លី នេះឱ្យបានលឿននោះ។

​នៅក្នុងពិធីបិទផ្សាយជាសាធារណៈ​នូវ​ឯក​សារ​នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅភូមិ​ក្បាល​ស្ពាន​២ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​​ កាលពីព្រឹកថ្ងៃពុធ​១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះដែល​មានប្រជាពលរដ្ឋចូលរួមច្រើនកុះករនោះ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យបាន​ថ្លែងប្រាប់ប្រជាពលរដ្ឋម្ចាស់ដីថា ការចុះបញ្ជីដីធ្លីលក្ខណៈជា ប្រព័ន្ធនេះពិតជាមានសារៈសំខាន់​ណាស់សម្រាប់បងប្អូនព្រោះចំណាយថវិកា តិចតួចបំផុតហើយបានទទួលនូវប័ណ្ណកម្មសិទ្ធិ​​ស្រប​ច្បាប់(ប្លង់រឹង)។

លោក លី សារី ក៏បាន​រម្លឹក​​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្តាប់​នាពេលនេះ​និង យក​ការយល់ដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយបន្ត​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​របស់ខ្លួនឱ្យបាន​ជ្រួតជ្រាប និងសហការ​ជាមួយ​ក្រុម​ចុះបញ្ជី​ដីធ្លី​ដែលកំពុង ​ចុះ​អនុវត្ត​ន៍នេះ​ឱ្យ​ទទួលបាន ជោគជ័យ​។

លោកបន្តទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមាន​លក្ខណៈជាប្រព័ន្ធនេះមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះក្រោយការបិទផ្សាយ។ ហេតុនេះវា ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ក្នុងការប្រញាប់ប្រញាល់ ទៅពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹម​ត្រូវច្បាស់លាស់នូវដីធ្លីពិតប្រាកដរបស់ខ្លួនមុននិងក្រុមជំនាញ​ចេញប័ណ្ណកម្មសិទ្ធិឱ្យនោះ។

អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី បានថ្លែងថា តាងនាមឱ្យអាជ្ញាធរ ខេត្តប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ ជាមួយនោះក៏បានកោត សរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែងក្រុមការងារដែល បាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។

លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រ ព័ន្ធដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ​​ក្នុងតំបន់គោលដៅមាននៅ ក្រុងសិរីសោភ័ណ, ស្រុកមង្គលបូរី​, ស្រុកព្រះនេត្រព្រះ​, ក្រុងប៉ោយប៉ែត និងស្រុកភ្នំស្រុក។

លោកបានឱ្យដឹងទៀតថា ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ នៅ​ខេត្តបន្ទាយ មានជ័យ បានដំណើរការ​តាំងពី​ឆ្នាំ ២០១២ ​ហើយ​មកទល់ពេលនេះ ធ្វើបាន ​ប្រមាណ​ជាង១​៤ម៉ឺន ប័ណ្ណជូនដល់ប្រជាពលរដ្ឋ៕

ដោយឈុនសារ៉ាត