អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអំពីករណីលោក កឹម សុខា

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ១១ ០៩ ២០១៩ ៖

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅក្នុងចំណោមបញ្ហា ដ៏ទៃផ្សេងទៀតដែលបានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងលោក កឹម សុខា។
តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រសួងការបរទេសកម្ពុជា បានពន្យល់សហរដ្ឋអាមេរិកថា ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយផ្អែកលើហេតុផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសាយ៉ាងសុខស្រួល ក្រោមការត្រួតពិនិត្យរបស់តុលាការ។ ដូចបណ្តាប្រទេសដទៃទៀតដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល (civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តីដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានឲ្យដឹងទៀតថា ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន។
ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋានណែទំនាក់ទំនងអន្តរជាតិ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាពកម្ពុជា និងជៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕ បងវាសនាសម្រួលរួច