កូរ៉េ-ជប៉ុនគ្រោងរៀបចំពិធីបុណ្យសែនព្រះខែរួមគ្នានៅកម្ពុជាថ្ងៃទី១៣ខាងមុខ

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា ១០.១០.១៩ ៖

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នឹងរួមគ្នារៀបចំពិធីបុណ្យសែនព្រះខែនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរឹតចំណងមិត្តភាពនិងផ្លាស់ប្ដូរវប្បធម៌កូរ៉េ-ជប៉ុនដែលសិ្ថតក្រោមដំបូលតែមួយ នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកស្រី ស៊ី វន មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនបានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាថា ការរៀបចំកម្មវិធីនេះឡើង គឺចង់បង្ហាញពីប្រពៃណីស្រដៀងគ្នារវាងប្រទេសទាំងពីរកូរ៉េ-ជប៉ុន និងផ្សព្វផ្សាយនូវវប្បធម៌ របស់ប្រទេសកូរ៉េ និងប្រទេសជប៉ុន ទៅដល់សាធារណៈជន និងសិស្សានុសិស្ស ដែលចង់ស្វែងយល់បន្ថែម អំពីប្រវត្តិនៃពិធីបុណ្យសែនព្រះខែនៃប្រទេសទាំងពីរ ។ លោកស្រីបន្តថា កម្មវិនេះក៏នឹងមានការចូលរួមពីថ្នាក់ដឹកនាំនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដំណាងស្ថានទូតជប៉ុន និងស្ថានទូតកូរ៉េប្រចាំកម្ពុជា រួមជាមួយសិស្សានុសិស្សប្រមាណជា ៦០០នាក់ នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។

ពិធីបុណ្យសែនព្រះខែលើកទី៦នេះផងដែល គឺអ្វីដែលពិសេសជាងរាល់នឹងគឺ មានការចូលរួមសម្ដែងសិល្បៈដែលដំណាងពីខាងប្រទេសជប៉ុន និងប្រទេសកូរ៉េ អ្នកសិល្បៈមកពីខាង (គយការ) ខាងជប៉ុននិងកូរ៉េ នឹងមានរៀបជាសំលៀកបំពាក់បែបប្រពៃណីជនជាតិជប៉ុននិងកូរ៉េដោយឥតគិតថ្លៃជូនដល់សាធារណៈជនដែលអញ្ជើញចូលរួម អ្វីដែលពិសេសមួយទៀតគឺចែកជូននំលោកខែជាតំណាងអោយពិធីបុណ្យសែនព្រះខែដល់បងប្អូនដែលចូលរួមដោយមិនគិតថ្លៃ ។
លោកស្រីបន្ថែមថា នៅក្នុងកម្មវិធីនេះផងដែល នឹងមានការរៀបចំជាស្តង់ បង្ហាញពីរបៀបធ្វើម្ហូបតាមបែបប្រពៃណី វប្បធម៌របស់ជនជាតិ កូរ៉េ និង ជប៉ុន ដើម្បីបង្ហាញជូនដល់សាធារណៈជនដែលចូលរួមទស្សនានៅក្នុងកម្មវិធីសែនព្រះខែនៅថ្ងៃនោះផងដែរ ។
សូមបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បានសហការគ្នា រៀបចំពិធីបុណ្យសែនព្រះខែ នេះឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង១០ព្រឹក ដល់ម៉ោង ៦ល្ងាច នៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕