ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញសន្យាបង្កើនប្រសិទ្ធភាពដោះស្រាយរាល់តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានីភ្នំពេញបានសន្យាបង្កើនប្រសិទ្ធភាព
លើការដោះស្រាយរាល់តម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាក និងកាត់បន្ថយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
លោកជំទាវកិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានីបានណែនាំដល់ក្រុមការងារបន្តត្រូវបង្កើនការចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជា ពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយ សេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែ ឆ្នាំ២០១៩ ។
លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការចុះមូលដ្ឋានរបស់ក្រុមការងារនេះមានសារៈសំខាន់ណាស់ ពោលគឺ៖ ទី១,លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងបានស្ដាប់នូវកង្វល់ សំណើ សំណូមពរ បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ទី២, ផ្សព្វផ្សាយ កម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងដាក់ចេញវិធានការ និងសកម្មភាពអនុវត្តជាក់ស្តែង ។ និងទី៣, ដោះ ស្រាយនិងបូកសរុបសំណើសំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋានហើយមានវិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្លេង

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំប្រឹងប្រែងពង្រឹង និងពង្រីក ការទំនាក់ ទំនង ការអភិវឌ្ឍមូលដ្ឋាន ជាមួយដៃគូរ
ហើយកំពុងបន្ដ បង្កើនការចុះជួប ប្រជាពលរដ្ឋ និងបង្កើនទំនាក់ទំនងជាមួយមហាជនតាមូលដ្ឋានតាមរយៈ ការកែលំអការផ្តល់សេវាសាធារណៈ ការជួយដោះស្រាយបញ្ហាប្រឈម និងការលំបាករបស់ប្រជាជន ដូចជា ការដោះស្រាយទំនាស់ដីធ្លី ការជួសជុល និងកសាងផ្លូវ ការស្តារលូ ប្រឡាយ ការកែរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ប្រមូលសំរាម ការធ្វើសួនច្បារ និងជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ និងងាយរងគ្រោះ ដូចជា ជនអនាថា កុមារកំព្រា ជនរងគ្រោះដោយទឹកជំនន់ អគ្គីភ័យ និងអ្នកក្រ ដែលមានជម្ងឺជាដើម។
ឯកឧត្តមបានបន្ដថា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពួកគេពិតជាចង់បានការរស់នៅដែលប្រកបដោយភាពសុខសាន្ត និងទទួលបានការផ្តល់សេវា គួជាទីពេញចិត្ត ជា ពិសេសការ បម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនដល់មូលដ្ឋាន ដូចជា ការធ្វើសៀវភៅស្នាក់នៅ ធ្វើអត្តសញ្ញាណបណ្ណ បញ្ជាក់សំបុត្រកំណើត ការសុំច្បាប់អនុញ្ញាតិ និងការសុំបញ្ជាក់លិខិតផ្សេងៗ លុបបំបាត់បាតុភាពអសកម្មនានា ដូចជា ការពង្រឹងសន្តិសុខ និងរក្សាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និងការលុបបំបាត់ការបំពានដោយអំណាចនានា ជាដើម។