ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតែបន្តចូលទស្សនាតំបន់ប្រាសាទកោះកេរ្តិ៍ទោះបីជាឋិតនៅ រដូវ វស្សាក៏ដោយ

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩

ក្រុមភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតែសម្រុកចូលទៅលេងកំសាន្តនិងទស្សនាតំបន់ប្រាសាទនានាក្នុងខេត្តព្រះវិហារពិសេសក្រុមប្រាសាទកោះកេរ្តិ៍បើទោះបីជាឋិតក្នុងរដូវវស្សាយ៉ាងណាក៏ដោយ ដោយសាតែពួកគេចង់គយគន់សម្រស់ធម្មជាតិ ព្រៃឈើពណ៌បៃតងជាមួយនឹងប្រាង្គប្រសាទល្អឯកនៃបេតិកភណ្ឌមនុស្សជាតិ។
ទោះបីជាស្ថិតនៅរដូវភ្លៀងធ្លាក់យ៉ាងណាក៏ដោយក្រុមប្រាសាទកោះកេរ្តិ៍នៅតែទាក់ទាញភ្ញៀងទេសចរឲ្យទៅទស្សនាកម្សាន្តមិនចេះដាច់ ពោលក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ មានភ្ញៀវទេសចររាប់រយនាក់បានទៅទស្សនានៅទីនោះ ហើយភ្ញៀវបរទេសវិញគឺមានចន្លោះចាប់ពី ១០០ នាក់ទៅជាង២០០នាក់ ។
លោក ខាន់ ខេមរិន្ទ ភ្ញៀវទេសចរជាតិមកពីខេត្តសៀមរាបបានប្រាប់អោយដឹងថា ការចូលមកទស្សនាប្រាសាទកោះកេរ្តិ៍នារដូវវស្សានេះ ព្រោះតំបន់នេះមានទីតំាងស្រស់ស្អាតណាស់អាចទស្សនាសម្រស់ធម្មជាតិពីលើកំពូលប្រសាទហើយស្រូបយកខ្យល់អាកាសជុំវិញទីនោះដែលធ្វើឲ្យអារម្មណ៍រីករាយបាត់នូវក្តីកង្វល់។
លោកបន្តថា នេះជាលើកទីបីហើយសម្រាប់រូបលោកមកទស្សនានៅតំបន់ប្រាសាទកោះកេរ្តិ៍នេះ ព្រោះមិនត្រឹមតែបានមកគយគន់ធម្មជាតិដ៏ស្រសស្អាតប៉ុណ្ណោះទេ គឺថែមទំាងបានសិក្សាស្វែងយល់នូវសម្បត្តិកេរ្តិ៍មរតកដូនតាដ៏មានតម្លៃដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង។
សម្លេង លោក ខាន់ ខេមរិន្ទ : កន្លែងហ្នឹងធម្មជាតិស្អាតហើយជាតំបន់មួយមានប្រាសាទបន្សល់ទុកពីចាស់បុរាណដែលគាត់សាងសង់ជាយូលុងណាស់មកហើយ ។ កន្លែងនេះគឺជាចំនុចមួយដែលបំរើរអោយវិស័យទេសចរណ៍របស់ប្រទេសយើងអាចរកចំណូលចូលប្រទេសផងដែរ។បាទខ្ញុំនឹងនិយាយតៗគ្នាទៅនាំគ្នាថែរក្សាកុំកាប់ដើមឈើ និង ចោលសំរាមនៅ តំបន់ហ្នឹង។
ដោយឡែកលោក ចេង រី មគ្គុទេសទេសចរណ៍មកពីខេត្តសៀមរាបបានអោយដឹងដែរថា ក្នុងដំណើរនាំភ្ញៀវទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍នេះលោកពិតជាសប្បាយរីករាយ និងមោទនៈភាពក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាព្រមទាំងការកោតសសើរនូវអ្វីដែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់មនុស្សគ្រប់ជំនាន់ដែលជាមរតកដ៏ស្ចារ្យសម្រាប់បំរើដល់វិស័យទេសចរណ៍ផងនិងជាមរតកជំនាន់ដើមផង។ លោកបន្តថា ភ្ញៀវទេសចរជាច្រើនតែងតែកោតសើរពីស្នាដៃបុព្វបុរសខ្មែរដែលបន្សល់ទុកស្នាដៃដ៏ល្អឯកនេះ ដែលបានអន្ទងចិត្តភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកទស្សានៅតំបន់បេតិភណ្ឌមួយនេះមិនចេះដាច់ទោះជាឋិតក្នុងរដូវវស្សាយ៉ាងណាក៏ដោយ។ សម្លេង លោក ចេង រី : ភ្ញៀវភាគច្រើនគាត់សប្បាយចិត្តប្លែកពីប្រាសាទផ្សេងៗ ហើយពិសេសពីរ៉ាមីតបង។ភាគច្រើនគាត់យល់ថា ពីរ៉ាមីតចង់និយាយថា ប្រាសាទកោះកេរ្តិ៍ដូចគ្នាហ្នឹងនៅស្រុកអាហ្រ្វិកខាងត្បូងមួយចំនួនគាត់មានអារម្មណ៍មួយប្លែក ខុសពីតំបន់ផ្សេងៗក្នុងអង្គរយើង។ ចង់និយាយថាអារម្មណ៍នោះកោតសសើរណាស់ហួសពីការសសើរ សូម្បីតែភ្ញៀវបរទេសក៏ដោយ គាត់ចេះតែឆ្ងល់ថាមនុស្សសម័យហ្នឹងឆ្លាតប៉ុណ្ណាទៅ ពូកែណាស់ ហើយមិនដឹងជាចង្វាក់នៃការសាងសង់យ៉ាងម៉េច អញ្ចឹងបានគេប្រើពាក្យWonder វាអច្ឆរិយៈ ។
ដោយឡែកកញ្ញា លី មីញស៊ីញ ភ្ញៀវទេសចរជនជាតិចិនហុងកុងដែលបានទៅលេង កម្សាន្តនៅតំបន់ប្រាសាទកោះកេរ្តិ៍នេះបានឲ្យដឹងថាវាជាលើកទីមួយសម្រាប់កញ្ញាដែលបានទៅដល់ប្រាសាទកោះកេរ្តិ៍នេះ ហើយវាពិតជាអស្ចារ្យបំផុតដែលបុព្វបុរសខ្មែរអាចកសាងប្រាង្គប្រាសាទគ្មានពីរនេះវាជាភាពទាក់ទាញមួយនិងចាប់អារម្មណ៍បំផុតអំពីប្រាសាទខ្មែរ ពិសេសប្រាសាទកោះកេរ្តិ៍មានភាពអច្ឆរិយៈពិតៗ ។
សម្លេង កញ្ញា លី មីញស៊ីញ: អស្ចារ្យណាស់ គ្រប់ប្រាសាទ ទាំងអស់មានអារម្មណ៍ថាប្លែក ប្រណិតភាពនិងទាក់ទាញបំផុតសម្រាប់ខ្ញុំ ចាប់អារម្មណ៍ ទាំងអស់អ្វីដែលនៅទីនេះពិសេសប្រាសាទមានកំពស់ខ្ពស់ មើលពីលើមកគួជាទីស្រលាញ់ណាស់នៃធម្មជាតិ ពិតជាល្អខ្លាំងណស់នៃលក្ខខណ្ឌធម្មជាតិ។ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ គឺពិតជាបានឆ្លើយតប យ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍ជាតិហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយនៃកាអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពគ្រួសារប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា តំបន់ប្រវត្តិសាស្រ្តប្រាសាទកោះកេរ្តិ៍ គឺស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ វាគឺជាអតីតៈរាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ ដោយត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ ឆ្នាំ(៩២៨ដល់ឆ្នាំ៩៤២)៕