រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា លទ្ធផលនៃការប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឱ្យមានការខំប្រឹងប្រែងបន្ត

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ១០ ០៩ ១៩ ៖

រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកទឹកចិត្តដល់បេក្ខជនដែលប្រឡងជាប់ និងមិនជាប់ខិតខំសិក្សាបន្ថែមទៀត ដើម្បីអនាគត ព្រោះលទ្ធផលនៃការប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា សូមចូលរួមអបអរសាទរចំពោះបេក្ខជនប្រឡងជាប់ និងសូមលើកទឹកចិត្ត ឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ជាពិសេសលើកទឹកចិត្តដល់បេក្ខជនពុំបានទទួលលទ្ធផលជាប់ បន្តខិតខំសិក្សា ដើម្បីមានឱកាសទទួលបានលទ្ធផលល្អនៅឆ្នាំក្រោយៗទៀត។
នេះបើតាមសារលិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នៅថ្ងៃទី១០ ខែ កញ្ញានេះ។
ឯកឧត្តម បន្ដថា បេក្ខជនទាំងអស់ត្រូវចងចាំថាលទ្ធផលនៃការប្រឡងនេះ ឆ្លុះបញ្ចាំងនូវសារៈសំខាន់បីយ៉ាងគឺ ទី១. អ្នកចេះគឺជាប់ ទី២. ការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន និងទី៣. លទ្ធផលនៃការប្រឡងពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឱ្យមានការខំប្រឹងប្រែងបន្តទៅមុខទៀត ។
ឯកឧត្តម បានបញ្ជាក់ថា ការចេញវិញ្ញាសាប្រឡង ពុំមានពាក្យថា “វិញ្ញាសាស្រួល ឬវិញ្ញាសាលំបាក” ឡើយ គឺការចេញវិញ្ញាសាអនុលោមទៅតាមការវាស់ស្ទង់សមត្ថភាពសិស្សក្នុងអំឡុងពេលនៃការសិក្សា ដោយវិធីសាស្ត្រ BloomTaxonomy និងការពិនិត្យពិចារណា និងពិភាក្សាដោយយកចិត្តទុកដាក់បំផុត ពីសំណាក់សាស្ត្រាចារ្យ និងមន្ត្រីអប់រំជាន់ខ្ពស់ ដែលមានបទពិសោធន៍។ វិញ្ញាសាប្រឡង ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុត ពីក្នុងមេរៀននៃកម្មវិធីសិក្សាគោលរបស់ក្រសួង។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ គណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន មាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញ និងគាំទ្រដល់សិស្សថ្នាក់ទី ១២ ដែលជាបេក្ខជនប្រឡង ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវ ដើម្បីសម្រេចបានលទ្ធផលល្អនៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លទ្ធផលដ៏ល្អប្រសើរនេះ កើតចេញពីការចូលរួម ការគាំទ្រ និងការឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋានគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីសុខាភិបាល ដែលបានចូលរួមធ្វើឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន ៕