រុស្ស៊ី និងអាម៉េរិកបញ្ជាក់ពីចេតនាដើម្បីបន្តការសន្ទនាគ្នាជាធម្មតា នឹងធ្វើការលើការប្រឆាំងភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនបានយល់​ព្រមកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចពិភាក្សាស្តីពីការប្រឆាំងភេរវកម្មនៅក្នុងទីក្រុងវីយែនថា​ ពួកគេ​មានបំណងបន្តសហប្រតិបត្តិការ នឹងធ្វើការនៅក្នុងវិស័យនេះ តាមមធ្យោបាយជាធម្មតា។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Oleg Syromolotov ទទួលខុសត្រូវលើបញ្ហា​ប្រឆាំង ភេរវកម្ម បានជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក John Sullivan ដើម្បី​ពិភាក្សាគ្នា អំពីយុទ្ធជនភេរវកម្មបរទេស ហិរញ្ញប្បទានភេរវករ សន្តិសុខអាកាសចរណ៍ និង​ការ​គម្រាមកំហែងនៃភេរវកម្មអន្តរជាតិ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំណាងអាជ្ញាធរមានសមត្ថកិច្ច​នៃប្រទេស រុស្ស៊ី និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរ​យោបល់​ស្តីពីបញ្ហាបន្ទាន់បំផុត លើរបៀប​វារៈ​ប្រឆាំងភេរវកម្ម ក៏ដូចជាចំណុចសំខាន់ៗ​សម្រាប់​កិច្ចសហប្រតិបត្តិការនាពេលអនាគត លើវិស័យទាំងនេះ រវាងប្រទេសទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ពួកគេ​មានចេតនាបន្តធ្វើការងារនេះ ប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យទាំងនេះ​ក្នុងលក្ខណៈ​ដែលគ្មានការខ្លាចចិត្តគ្នាទៅវិញទៅមក។

ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ច​ពិភាក្សាទ្វេភាគីនេះដោយនិយាយថា លោក Sullivan បានសង្កត់ធ្ងន់ដល់ទីក្រុងមូស្គូថា ​លទ្ធផលជាក់ស្តែងត្រូវតែទទួលបាននៅក្នុងការប្រឆាំងភេរវកម្ម តាមរយៈការបង្កើនការចែក​រំលែកព័ត៌មានគ្នាទៅវិញទៅមក។

រុស្ស៊ី និងអាម៉េរិកតែងតែរក្សាការសន្ទនាគ្នាប្រឆាំងភេរវកម្មជាប្រចាំ ដោយមានការ​ពិគ្រោះយោបល់ចុងក្រោយរវាងលោក Sullivan និងលោក Syromolotov ដែលបានធ្វើឡើងនៅ​រដ្ឋធានី នៃប្រទេស​អូទ្រីស កាលពីខែធ្នូឆ្នាំកន្លងទៅ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)