JCS : កូរ៉េខាងជើងបាញ់កាំជ្រួចរយៈចម្ងាយខ្លីឆ្ពោះទៅ​សមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ ពីតំបន់ភាគ​ខាង​លិច​ឆ្ពោះទៅ សមុទ្រខាងកើតនៅថ្ងៃអង្គារនេះ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកុម្មុយនីស្ត​មួយនេះ បានស្នើសុំបន្តកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា កាំជ្រួចទាំងនេះ ត្រូវបានគេបាញ់​នៅ​ម៉ោង ៦និង៥៣ នាទីព្រឹក និងម៉ោង ៧ និង១២នាទីព្រឹក ចេញពីបណ្តាតំបន់នៅក្នុងទីក្រុង Kaechon ខេត្ត Pyonganខាងត្បូង ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ខាងជើង​រដ្ឋធានីព្យុងយ៉ាង ក្នុងទិសដៅងាយស្រួល។

JCS បាននិយាយថា កាំជ្រួចទាំងពីរបានហោះចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រ ដោយបន្ថែមថា អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើប្រភេទពិត​ប្រាកដនៃកាំជ្រួចទាំងនេះ។ វាមិនបានផ្តល់ព័ត៌មានលម្អិតអំពីល្បឿនខ្ពស់បំផុត​នៃកាំជ្រួចនេះ​ដែរ។

JCS បាននិយាយថា យោធារបស់យើងកំពុងឃ្លាំមើលស្ថានការណ៍ក្នុងករណីមាន​ការបាញ់បង្ហោះបន្ថែម និងរក្សាឥរិយាបថត្រៀមខ្លួនជានិច្ច ដោយអំពាវនាវដល់កូរ៉េខាងជើងឱ្យ​បញ្ឈប់សកម្មភាពនេះភ្លាមៗដែលបង្កើនភាពតានតឹង។

ជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះចុងក្រោយនេះ កូរ៉េខាងត្បូងបានបើកកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់(NSC) ក្រោមអធិបតីភាពលោក ជុង អ៊ី-យ៉ុង (Chung Eui-yong) ប្រធានការិយាល័យសន្តិសុខជាតិប្រធានាធិបតី និងបានពិភាក្សាអំពីបញ្ហានេះ។

ចំណែកនៅទីក្រុងវ៉ាស៊ីនតោនវិញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូបបាននិយាយថា ខ្លួនបានដឹងអំពីការបាញ់មីស៊ីលចុងក្រោយបង្អស់នេះ​ហើយកំពុងតាមដាន​យ៉ាង​ដិតដល់នូវស្ថានភាពនេះក្នុងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

ការបាញ់សម្លាប់នេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអនុរដ្ឋមន្រ្តីការបរទេសទីមួយ​របស់កូរ៉េខាងជើងលោក Choe Son-hui បានសម្តែងនូវឆន្ទៈក្នុងការបន្តកិច្ចពិភាក្សា អំពី​ការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញា នឹងបានទាមទារឱ្យទីក្រុង​វ៉ាស៊ីនតោន​ដាក់ចេញនូវសំណើថ្មីដែលអាចទទួលយកបានសម្រាប់ទីក្រុងព្យុងយ៉ាង។

ការផ្លាស់ប្តូរនេះ អាចត្រូវបានរៀបចំឡើងដើម្បីពង្រឹងដៃគូចរចារបស់ក្រុងព្យុងយ៉ាង​មុនពេលការបន្តកិច្ចចរចានុយក្លេអ៊ែរដែលបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលដោយគ្មាន​ចុះកិច្ចព្រមព្រៀងកាលពីខែកុម្ភៈ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹក​នាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន។

ការបាញ់កាំជ្រួចនៅថ្ងៃអង្គារនេះ គឺជាការបាញ់លើកទី១០ ហើយរហូតមកដល់ពេល​នេះក្នុងឆ្នាំនេះ​ ក្នុងអំឡុងពេលដែលកូរ៉េខាងជើងសាកល្បងមីស៊ីលប្រភេទថ្មី​ ជាច្រើនគ្រាប់​ដើម្បីប្រឆាំងនឹងសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងខាងត្បូង។ កូរ៉េខាងជើង​បានធ្វើការបាញ់បង្ហោះលើកចុងក្រោយនៅថ្ងៃទី២៤ ខែសីហា ហើយបាននិយាយថា ខ្លួនបាន​សាកល្បងប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះដ៏ធំថ្មីមួយ។

កាលពីខែមុន មេដឹកនាំកូរ៉េខាងជើងបានផ្ញើលិខិតមួយទៅលោក Trump ហើយបាន​ប្តេជ្ញា​​បញ្ឈប់​សកម្មភាពយោធាទាំងនោះ នៅពេលសមយុទ្ធរួមគ្នាបានបញ្ចប់។ ទីក្រុងសេអ៊ូល​និងវ៉ាស៊ីនតោនបានបញ្ចប់សមយុទ្ធរបស់ពួកគេកាលពីខែមុន ប៉ុន្តែកូរ៉េខាងជើងបានបន្តធ្វើ​ការបាញ់បង្ហោះបែបនេះទៀត៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)