រាជធានីភ្នំពេញមានគ្រឿងចក្រដាក់ប្រពន្ធ័លូប្រភេទថ្មីទំនើបនិងស្វ័យប្រវត្តិដោយមិនបាច់ប្រើមនុស្ស និងមិនរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ តាមរយៈអង្គការចៃកា រដ្ឋបាលរាជធានីភ្នំពេញ បានសម្ពោធដាក់អោយដំណើរការប្រពន្ធ័បច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានពីមុន នោះគឺការប្រើប្រាស់គ្រឿងចក្រមុជក្នុងដីក្នុងជម្រៅ៨ម៉ែត្រ ដាក់ប្រពន្ធ័លូប្រភេទថ្មីទំនើបនិងស្វ័យប្រវត្តិដោយមិនបាច់ប្រើមនុស្ស និងមិនរំខានដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋឡើយ ។
គ្រឿងចក្រទំនើបនេះ បានចាប់ផ្ដើម បើកការដ្ឋានដាក់អោយដំណើរការ នាព្រឹកថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៩នេះនៅមុខវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនវត្តភ្នំ ខណ្ឌដូនពេញ ក្រោមវត្តមានលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា។
លោកសាំ ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងថា គម្រោងខួងដីជែក ឃីង ដាក់លូ ស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋាននេះ ទើបតែមានជាលើកទី១នៅរាជធានីភ្នំពេញ ។ចំពោះការខួងដីជែក ឃីង ដាក់លូ ជាស្វ័យប្រវត្តិនេះ យើងគ្រោងនឹងខួងក្រោមដីចម្ងាយប្រវែង១៥៦០ម៉ែត្រ ក្នុងជម្រៅក្រោមដី ៨ម៉ែត្រដោយខួងចាប់ចេញពីមុខស៊ីឌីស៊ីរហូតដល់ផ្លូវលេខ៧០ (ទំនប់ទួលគោក)កាត់ក្រោមរង្វង់មូលគួចកាណុង ។ គម្រោងនេះក្នុងដំណាក់កាលទី១ មាន ប្រវែង៥០០ម៉ែត្រ ដោយប្រើប្រាស់រយៈពេល៥ខែ។
លោកសាំ ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ការប្រើប្រាស់បច្ចេកវិជ្ជាថ្មីមួយនេះវាមិនរំខានទៅដល់ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រោះវាខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រ ហើយនេះក៏ជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ផងដែរ ។
លោកបញ្ជាក់ផងដែរថា ម្ចាស់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ អ្នកអនុវត្តគម្រោង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនស៊ីធីអាយវិស្វកម្មអន្តរជាតិ និងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនសំណង់ ភូអាខបភើរេសិន។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕