ហ្វ៊ីលីពីន៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានសម្លាប់នៅខាងក្រៅមូលដ្ឋានកងទ័ព

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ — អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីបានបំផ្ទុះគ្រាប់បែកនៅខាងក្រៅជំរុំយោធាមួយនៅកោះជូឡូភាគខាងត្បូង ប្រទេសហ្វីលីពីនកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ និងអ្នករងរបួសផ្សេងទៀតឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់កងយោធាបានឱ្យដឹងថា អ្នកវាយប្រហារនេះគឺ «មើលទៅជាជនបរទេស» ដោយស្លៀកពាក់ឈុតប្រពៃណីអាបាយ៉ា របស់ស្ត្រីមូស្លីម ហើយទំនងជាស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមិនបានបញ្ជាក់អំពីភេទរបស់អ្នកវាយប្រហារនោះដែរ។

ការវាយប្រហារដោយការធ្វើអត្តឃាតនេះ គឺកម្រមានណាស់នៅក្នុងប្រទេសនេះ ប៉ុន្តែចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ មក មានចំនួន៤លើកមកហើយ រួមទាំងការបំផ្ទុះចុងក្រោយនៅលើកោះជូឡូនេះ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្រុមរដ្ឋអ៊ិស្លាម ( IS ) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមុនៗចំនួន ៣លើក ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះទេ ដែលវាបានកើតឡើងមួយថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយដែលបានធ្វើឱ្យមនុស្ស ៨នាក់រងរបួសនៅក្នុងផ្សារមួយនៅកោះមីនដាណាវ។

ក្រុមបំបែកខ្លួននៅភាគខាងត្បូងបានធ្វើសង្គ្រាមបះបោរជាច្រើនទសវត្សមកហើយ ដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់។ ក្រុមឧទ្ទាមមូស្លីមធំជាងគេ គឺរណសិរ្សរំដោះអ៊ិស្លាមម៉ូរ៉ូ (MILF) ដែលបានចាប់ ផ្តើមដាក់អាវុធរបស់ខ្លួនកាលពីថ្ងៃទី០៧ ខែកញ្ញា ប៉ុន្តែក្រុមជ្រុលនិយមផ្សេងទៀតដូចជា អាប៊ូសាយយ៉ាហ្វ នៅតែបន្តការវាយប្រហារយ៉ាងសាហាវ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)