វៀតណាមចូលរួមសន្និសីទមេបញ្ជាការកងទ័ពឥណ្ឌូ-ប៉ាស៊ីហ្វិកនៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ — គណៈប្រតិភូយោធាជាន់ខ្ពស់ដឹកនាំដោយឧត្តមសេនីយ៍ឯកNguyen Tan Cuong អគ្គមេបញ្ជាការរងនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម កំពុងចូលរួមសន្និសីទមេបញ្ជាការកងទ័ពឥណ្ឌូ – ប៉ាស៊ីហ្វិក (IPACC) លើកទី១១ ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩។

សន្និសីទនេះធ្វើឡើងក្រោមប្រធានបទ «ការសម្រេចបាននូវសន្តិសុខប្រកបដោយចីរភាព៖ ទស្សនៈថ្មីសម្រាប់កងទ័ពឥណ្ឌូ – ប៉ាស៊ីហ្វិក» ដោយសន្និសីទនេះមានគោលបំណងជំរុញការជឿទុកចិត្ត ការយោគយល់គ្នា និងការសហការគ្នារវាងកងកម្លាំងដីគោកនៅក្នុងតំបន់។

នៅក្នុងពេលជាមួយគ្នានេះ សិក្ខាសាលាស្តីពីការគ្រប់គ្រងកងទ័ពឥណ្ឌូ – ប៉ាស៊ីហ្វិក (IPAMS) និងវេទិកាថ្នាក់ដឹកនាំជាន់ខ្ពស់ (SELF) កំពុងត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ដោយពិភាក្សាអំពីវិធានការនានាដើម្បីបង្កើតការជឿទុកចិត្តក្នុងចំណោមកងកម្លាំងដីគោកឥណ្ឌូ -ប៉ាស៊ីហ្វិក ក្នុងការកាត់បន្ថយហានិភ័យ ជម្លោះ នឹងបង្កើនភាពអត់ធន់ តាមរយៈការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ ការអភិវឌ្ឍអ្នកជំនាញកងកម្លាំងដីគោកប្រកបដោយក្រមសីលធម៌ និងគួរឱ្យទុកចិត្តនៅក្នុងបរិយាកាសដែលពោរពេញទៅដោយ ព័ត៌មាន។

ចូលរួមពិធីបើកសន្និសីទនានានៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់ អូ-ចា បានបញ្ជាក់ថា សន្និសីទនេះបង្កើតមូលដ្ឋានគ្រឹះសម្រាប់មេបញ្ជាការកងទ័ពគ្រប់ជាន់ថ្នាក់ធ្វើការងាររួមគ្នាដើម្បីធានាសន្តិសុខស្ថិរភាព។
មេបញ្ជាការនៃកងយោធពលភូមិន្ទថៃ លោក Apirat Kongsongpong បានសម្តែងក្តីសង្ឃឹមថា សន្និសីទនេះនឹងជួយដល់កងកម្លាំងប្រដាប់អាវុធក្នុងតំបន់ក្នុងការជំរុញភាពជាដៃគូដើម្បីនិរន្តរភាព។

ទន្ទឹមនឹងនេះដែរ នាយសេនាធិការនៃកងទ័ពសហរដ្ឋអាមេរិក លោក James C. McConville បាននិយាយថា សន្និសីទនេះបង្កើតឱកាសល្អដើម្បីប្រមូលប្រមុខកងទ័ពដើម្បីអភិវឌ្ឍន៍សម្ព័ន្ធភាពភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)