កូរ៉េខាងត្បូងធ្វើការដើម្បីស្តារឡើងវិញពីការខូចខាត ដែលបណ្តាលមកពីព្យុះទីហ្វុងលីងលីង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងត្បូងកំពុងធ្វើការដើម្បីស្តារឡើងវិញ នូវការខូចខាតពីព្យុះទីហ្វុង​លីងហ្គី​ ដែលបានវាយប្រហារនៅឧបទ្វីបកូរ៉េ ដោយមានភ្លៀងធ្លាក់ខ្លាំង នឹងខ្យល់បក់ខ្លាំងកាលពី​ប៉ុន្មានថ្ងៃកន្លងមកនេះ។

យោងតាមទីភ្នាក់ងាររដ្ឋាភិបាលប្រឆាំងគ្រោះមហន្តរាយមួយបានឱ្យដឹងថា ព្យុះ​លីងលីង ដែលជាព្យុះទីហ្វុងលើកទី១៣ ហើយនៅឆ្នាំនេះបានធ្វើឱ្យមានការបាក់ដីនៅទីនេះ​កាល​ពី​ថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ៣នាក់ និង២៣ នាក់ផ្សេងទៀត​រងរបួស​គិតត្រឹម​ម៉ោង ១១ព្រឹក។

ទ្រព្យសម្បត្តិប្រហែល ៣៦០០ ត្រូវបានគេបញ្ជាក់ថា បានខូចខាតដោយសារខ្យល់ព្យុះ​កម្រិតទី៥ ដែលមិនធ្លាប់មាននៅក្នុងព្យុះទីហ្វុងដែលបានបោកបក់មកលើឧបទ្វីបនេះ។​ ផ្ទៃដី​កសិកម្មជាង ៧០០០ ហិកតា​បានរងផលប៉ះពាល់ ហើយផ្ទះរាប់ពាន់ខ្នងក៏ត្រូវដាច់ចរន្តអគ្គិសនី​ផងដែរ ​ដោយឡែកជើងហោះហើរដឹកអ្នកដំណើររាប់រយជើងនៅព្រលានយន្តហោះធំៗ ត្រូវ​បានលុបចោល។

ដោយសារឧបទ្វីបកូរ៉េភាគច្រើនកើតចេញពីឥទ្ធិពលនៃព្យុះទីហ្វុងនេះ ក្រុមហ៊ុនថា​ម​ពល​អគ្គិសនីកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ(KEPCO) បាននិយាយថា ខ្លួនបានស្តារការផ្គត់ផ្គង់​ថាមពលបានដល់ ៩៩,៧ភាគរយនៃខ្នងផ្ទះ ដែលរងផលប៉ះពាល់ចំនួន ១៦០,០០០ កាលពី​ព្រឹក​ថ្ងៃអាទិត្យ។

KEPCO បាននិយាយថា ខណៈដែលព្យុះទីហ្វុងកាលពីពេលថ្មីៗនេះ  ដែលបានតាម​ដាន​​ស្រដៀងគ្នាទៅនឹងព្យុះ​ទីហ្វុង Kompasu និងព្យុះ Bolaven កាលពីឆ្នាំ២០១០ និងឆ្នាំ​២០១២ ដោយឡែកពីគ្នា​ចំនួនផ្ទះដែល​ទទួលរងការដាច់ចរន្តអគ្គិសនី ​គឺទាបជាងគួរឱ្យកត់​សម្គាល់។

ព្យុះទីហ្វុងកាលពេលពីលើកមុនចំនួន២ បានធ្វើឱ្យដាច់ចរន្តអគ្គិសនីចំនួន ១,៦៨លាន​ និង ១,៩៧ លានគ្រួសារ។

ក្រុមហ៊ុនបាននិយាយថា យើងអាចកាត់បន្ថយវិសាលភាពនៃការខូចខាត​ដោយសារ​ក្រុមហ៊ុន KEPCO បាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីពង្រឹងកន្លែងពាក់ព័ន្ធ។

ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋមួយនេះបាននិយាយថា បច្ចុប្បន្នកម្មករប្រមាណ៨.០០០នាក់ កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រក្រតីនូវការផ្គត់ផ្គង់​ថាមពលនៅទូទាំងប្រទេស​ ដែលផ្គត់ផ្គង់អគ្គិសនីភាគច្រើនរបស់កូរ៉េខាងត្បូង។

ជើងហោះហើរដឹកអ្នកដំណើរនៅអាកាសយានដ្ឋានសំខាន់ៗ របស់ប្រទេសកំពុង​វិល​ត្រឡប់មករកភាពប្រក្រតីឡើងវិញហើយ។ សេវាកម្មសាឡាងនៅឆ្នេរសមុទ្រភាគខាងត្បូង​របស់ប្រទេសក៏កំពុងមានដំណើរការធម្មតាឡើងវិញផងដែរ៕

( ប្រភព យន់ហាប់៖ បកប្រែដោយ មាស សំអុល )