ទិវាគ្រួសារអាស៊ានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩​ — បណ្តាស្ថានទូតនៃប្រទេសជាសមាជិកក្នុងគណៈកម្មាធិការអាស៊ាននៅទីក្រុងរ៉ូម (ACR) បានប្រារព្ធទិវាគ្រួសារអាស៊ានកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០១៩។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងក្រុមគ្រួសារ នៃតំណាងប្រទេស អាស៊ាននៅក្នុងប្រទេសអ៊ីតាលី។ ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Domingo P. Nilasco ដែលជាប្រធាន ACR ផងដែរនោះ បាននិយាយថា ព្រឹត្តិការណ៍នេះក៏មានគោលបំណងដើម្បីពង្រឹងមិត្តភាព និងសាមគ្គីភាពរបស់ពួកគេផងដែរ។

អ្នកការទូតរូបនេះបាននិយាយថា ឆ្នាំ២០១៩ គឺជាឆ្នាំដើម្បីគោរពភាពចម្រុះវប្បធម៌របស់អាស៊ានដោយលោកបាននិយាយបន្ថែមថា ការរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌នឹងរួមចំណែកដល់ការកសាង សហគមន៍អាស៊ានមួយដ៏រឹងមាំ។

ភ្ញៀវចូលរួមប្រមាណជិត១៥០នាក់ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ បានភ្លក្សរសជាតិអាហារប្លែកៗរបស់បណ្តាប្រទេសសមាជិកអាស៊ាន នឹងចូលរួមការប្រកួតល្បែងកម្សាន្តផ្សេងៗជាក្រុម។

ដោយបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានប្រទេសចំនួន ១០ជាសមាជិក គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបូរី ថៃ និងវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)