ក្រុមតាលីបង់និយាយថាទាហានអាមេរិកនឹងស្លាប់កាន់តែច្រើនទៀតនៅពេលលោកត្រំាបញ្ចប់ការចរចារសន្តិភាព

អាមេរិក៖ ក្រុមតាលីបង់បាននិយាយនៅថ្ងៃអាទិត្យនេះថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា ក្នុងកាលលុបចោលការចរចារសន្តិភាពនៅក្នុងប្រទេសអាហ្វកានីស្ថាន  នឹងធ្វើឲ្យទាហានអាមេរិកកាន់តែស្លាប់ច្រើនឡើងថែមទៀត ។  លោកត្រំាសម្រេចលុបចោលកិច្ចចរចារសន្តិភាពជាមួយក្រុមលីបង់ ក្នុងពេលដែលសហរដ្ឋអាមេរិក បន្តបង្កើនសម្ពាធលើក្រុមនោះ  ដែលអ្នកវិភាគ មើលឃើញថា ជាជំហរមួយដែលផ្ទុយនឹងកិច្ចខិតខំរបស់អាមេរិក ដើម្បីឲ្យមានកិច្ចព្រមព្រៀងមួយ  ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិត ២០ ឆ្នំា នៅក្នុងប្រទេសអាហ្វកានីស្ថាន ។

ក្រុមតាលីបង់ បានចេញសេចក្តីថ្លែងការណ៍មួយ  បន្ទាប់ពីលោកត្រំា បានលុបចោល ដោយគ្មានការដឹងជាមុននូវកិច្ចចរចារសន្តិភាពជាមួយក្រុមខ្លួន ដែលគ្រោងនឹងធ្វើនៅថ្ងៃអាទិត្យនេះ ក្នុងប្រទេសអាមេរិក ។

លោកត្រំា បានសម្រេចចិត្តលុបចោលកិច្ចចរចារសន្តិភាពជាមួយក្រុមតាលីបង់នៅថ្ងៃសៅរ៍  បន្ទាប់ពីក្រុមនេះ បានអះអាងថា ក្រុមខ្លួនគឺជាអ្នកធ្វើការវាយប្រហារនៅក្នុងទីក្រុងកាប៊ូល កាលពីសប្តាហ៍មុន ដែលធ្វើឲ្យទាហានអាមេរិកម្នាក់បានស្លាប់  ជាមួយនឹងមនុស្សចំនួន ១១ នាក់ទៀត ។​

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ  (០៩.០៩.១៩)