ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងព័ត៌មានពង្រឹង កិច្ចសហប្រតិបត្តិការលើការបន្សាបព័ត៌មានក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩​ — ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ បានជួបពិភាក្សាជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបន្សាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។

ក្រោយជំនួបពិភាក្សានោះ ឯកឧត្តម ផៃ ស៊ីផាន បានប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមបានពិគ្រោះជា​មួយ ​​ឯកឧត្តមរដ្ឋមន្ត្រី ពីយុទ្ធសាស្ត្រក្នុងការបញ្ចេញព័ត៌មានប្រកបដោយប្រសិទ្ធភាព ដើម្បីបន្សាបព័ត៌មាន ក្លែងបន្លំដែលនាំឱ្យសាធារណៈជនភាន់ច្រឡំ ដោយក្នុងនោះក្រុមការងារអ្នកនាំពាក្យត្រូវរៀបចំជាសន្និសីទសារព័ត៌មានជាដើម។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរក៏បានពិភាក្សាពីគោលការណ៍​ពង្រឹងសមត្ថភាព អ្នកនាំពាក្យនៅ​តាមខេត្ត ក្រុង ជាប្រយោជន៍ឱ្យអ្នកទាំងនោះមានសមត្ថភាពឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានប្រកបដោយវិ​ជ្ជាជីវៈ។

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហើបឱ្យដឹងថា ឯកឧត្តមនឹងធ្វើជាអធិបតីក្នុងការរៀបចំសិក្ខាសាលាមួយ ស្តីអំពីអ្នកនាំពាក្យនៅតាមបណ្តាខេត្ត នៅពេលខាងមុខនេះ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់កិច្ចការដែលទីស្តីការ​សុំយោបល់ពាក់ព័ន្ធវិស័យសារព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឯកភាពយល់ព្រម​សហការល្អ លើការងារក្នុងក្របខ័ណ្ឌវិស័យសារព័ត៌មាន។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏ឆ្លៀតយកឱកាសនេះសម្តែងនូវការគោរពចំពោះភក្តីភាពរបស់ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំមួយរូប តែងតែផ្តល់នូវគុណធម៌ និងសីលធម៌ ប្រកបដោយវិជ្ជាជីវៈ។

ឯកឧត្តម ផៃ ស៊ីផាន ក៏បានជម្រាបជូនឯកឧត្តម រដ្នមន្រ្តី ពីការងារបណ្តុះបណ្តាលសារព័ត៌មាន រយៈពេល៣ខែកន្លងមកដែលនិយាយពីកិច្ចការងារសារព័ត៌មាន ជាមួយវិស័យផ្សេងៗ ក៏ដូចជាគោលនយោបាយបរទេស ដើម្បីឱ្យអ្នកសារព័ត៌មាន មានសមត្ថភាព ក្នុងការស្វែងរកព័ត៌មានល្អៗមកផ្សព្វផ្សា​យជូនសាធារណជនបានជ្រាប៕

ដោយគង់ សិរីរ័ត្ន ( រូបថត៖ ខឹម សុវណ្ណារ៉ា)