ក្រុមជម្រើសជាតិកម្ពុជាកសាងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីមួយ ក្រោយចែកគ្នា ម្នាក់១ពិន្ទុ ជាមួយក្រុមហុងកុង ក្នុងជុំទី២ FIFA World Cup

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — បន្ទាប់ពីចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមជម្រើសកុងហុង ១-១ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកសាងនូវកំណត់ត្រាថ្មីមួយជាប្រវត្តិសាស្រ្ត កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិអូឡាំពិក នៃការប្រកួតបើកឆាក ពូល C ជុំទី២ FIFA World Cup Qatar 2022។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កីឡាករ Tan Chun Lok របស់ក្រុមហុងកុង បានធ្វើ សម្រេច១គ្រាប់បើកការនាំមុខលើក្រុមម្ចាស់ផ្ទះ ១ទល់០ នៅនាទី១៦ ហើយ​នៅ​នាទី៣២ កីឡាករ កែវ សុខផេង នៃក្រុមកម្ពុជាធ្វើសម្រេចបាន១គ្រាប់តាមស្មើវិញ ដោយ​លទ្ធផលនេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួត៩០នាទី។ ជាមួយនឹងការស្វែងរកបាន១ពិន្ទុ នៅក្នុងវគ្គ​ចែក​ពូលជុំទី២ របស់ក្រុមជម្រើសជាតិកម្ពុជាបានបំណែកកំណត់ត្រាជាប្រវត្តិ សាស្ត្រ​ថ្មីមួយ ដោយកាលពីចូលជុំទី២ របស់កម្ពុជា លើកដំបូងកន្លងទៅ ក្នុងពូល E ជាមួយ​ជប៉ុន ស៊ីរី សិង្ហបុរី និងអាហ្គានីស្ថាន នៃព្រឹត្តិការណ៍ FIFA World Cup គឺក្រុមកម្ពុជា ចាញ់ទាំង៨ប្រកួត ទាំងក្នុងដី និងក្រៅដី។ ដោយឡែកក្នុង FIFA World Cup គឺកម្ពុជា និងកុងកុង ទើបនឹងប៉ះគ្នាជាលើកដំបូងប៉ុណ្ណោះ ប៉ុន្តែ៤ប្រកួត កន្លងមក ក្នុង AFC Asian Cup កាលពីឆ្នាំ១៩៩៩ ក្រុមកម្ពុជា ចាញ់ហុងកុង ១-៤ និងចាញ់ ០-១ និងការប្រកួត មិត្តភាព​អន្តរជាតិ ២ដង ឆ្នាំ២០១៦ កម្ពុជាចាញ់ហុងកុង ២-៤ និងចាញ់ ០-២។

ក្រោយបញ្ចប់ការប្រកួត លោក Felix Dalmas បានថ្លែងនៅក្នុងសន្និសីទសារព័ត៌​មាន​ថា “លទ្ធផលនេះ យើងមិនទាន់ពេញចិត្តនៅឡើយ ប៉ុន្តែក៏មិនខកចិត្តនោះដែរ ព្រោះពួក​យើងបានធ្វើការជាមួយកីឡាកររយៈពេល១ឆ្នាំ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយ នេះគ្រាន់តែជាកម្រិតមូលដ្ឋានគ្រឹះ ដែលយើងចង់លេង”។ លោកបានបន្ដថា ប្រជាជនកម្ពុជា​ទាំងអស់គួរតែសប្បាយរីករាយ និងមានមោទនភាពនូវអ្វីកីឡាករ ដែលបានប្រឹងប្រែង លេង​នៅ​លើទីលាន ដោយភាពក្លាហាន និងឆន្ទៈ ក្នុងការប្រយុទ្ធ ហើយ អ្នកគាំទ្រទាំងឡាយ​គួរ​ឱ្យតម្លៃចំពោះ កីឡាករជម្រើសជាតិកម្ពុជា។

ចំពោះលោក Mixu Paatelainen គ្រូបង្គោលក្រុមហុងកុងបានលើកឡើងដែរថា “ពួក យើងមិនពេញចិត្តនឹងលទ្ធផលនេះទេ ព្រោះយើងគិតថានឹងបាន៣ពិន្ទ ប៉ុន្តែយើងដឹងហើយថា បាល់ទាត់គឺមិនងាយ​ស្រួលដូចយើងគិតទេ”។ លោកបានលើកឡើងថា កម្ពុជាគឺជាក្រុមដែល​មានកីឡាករមានល្បឿនលឿនច្រើន ដែលបានបង្ក​ឱ្យមានបញ្ហា​ច្រើន​ដល់ក្រុមរបស់យើង ហើយ កម្ពុជាគឺជាក្រុមដែលមានការអភិវឌ្ឍលឿនជាងអ្វី ដែលលោកបាន​គិតទើបធ្វើឱ្យការ ប្រកួតនេះ មានភាពទាក់ទាញ។

សូមបញ្ជាក់ថា សម្រាប់ប្រកួតទី២គឺក្រុមកម្ពុជានឹងត្រូវបន្តជួបក្រុមបារ៉ែននាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ៕

ដោយ ហេង ណាលី