ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យសមាគមចិនចូលជួបសម្តែងការគួរសម និងសិក្សាឈ្វេងយល់អំពីច្បាប់សាងសង់

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យសមាគមចិនចូលជួបសម្តែង ការគួរសម និងសិក្សាឈ្វេងយល់អំពីច្បាប់សាងសង់នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃ សុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តមានប្រសាសន៍ជម្រាបជូនសមាគមចិនថា សមាគមត្រូវសម្របសម្រួលជាមួយសហគ្រាសរបស់ខ្លួន ដើម្បីពួកគាត់បានឈ្វេងយល់អំពី ច្បាប់របស់កម្ពុជា ដូច្នេះក្រុមហ៊ុន ឬសហគ្រាស អាចដំណើរការសាងសង់ ឬសិក្សាប្លង់ សម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មុននឹងធ្វើការសាងសង់សហគ្រាស និងក្រុមហ៊ុនត្រូវតែទៅចុះបញ្ជីនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តនឹងបង្កើតក្រុមការងារចុះទៅត្រួតពិនិត្យនៅ គ្រប់ការដ្ឋានសាងសង់នានា។ ព្រោះរយៈពេលកន្លងមកយុទ្ធនាការនៃការពិនិត្យរបស់យើង មានបណ្តាក្រុមហ៊ុន សហគ្រាស និងអ្នកម៉ៅការសាងសង់មួយចំនួន មិនបានចុះបញ្ជី បង្កការលំបាកស្មុគស្មាញក្នុងការងារគ្រប់គ្រង ពិសេសការទទួលខុសត្រូវគុណភាពសំណង់ ដើម្បីដោះស្រាយបញ្ហានេះកុំឱ្យមានភាពស្មុគស្មាញកើតឡើងទៀត។ រដ្ឋបាលខេត្តនឹងចេញ សេចក្តីណែនាំ ដើម្បីឱ្យក្រុមហ៊ុន សហគ្រាស និងបុគ្គលម៉ៅការសាងសង់ទៅចុះបញ្ជី ឱ្យបានគ្រប់គ្នាដើម្បីដំណើរការអាជីវកម្មដោយមានការទទួលខុសខ្ពស់ ត្រូវបញ្ជាក់ អំពីគុណភាពសំណង់។

ឯកឧត្តមបញ្ជាក់ថា  សូមឱ្យប្រធានសមាគមបន្តការដឹកនាំអាជីវកម្មផ្សេងៗទៀត ព្រោះអាជីវកម្មណាក៏ដោយ ក៏ត្រូវបានគ្រប់គ្រង និងមានការចុះបញ្ជីបង្កើតមុខ របរតាមច្បាប់កំណត់។ ដោយសារការធ្វើវិមជ្ឈការដល់ថ្នាក់ក្រោមជាតិ រាជធានី ខេត្ត មានសិទ្ធិចុះកិច្ចសន្យាវិនិ យោគចំពោះសហគ្រាស ក្រុមហ៊ុនទាំងឡាយណា ដែលមានដើម ទុនក្រោម ២លានដុល្លារអាម៉េរិក ចំពោះក្រុមហ៊ុន សហគ្រាសណាដែលមានដើមទុន លើសពី២លានដុល្លារ ត្រូវសុំការអនុញ្ញាតពី (CDC)។ ទាំងអស់នេះ គឺសុទ្ធតែកំណត់ ដោយច្បាប់។ ការពិភាក្សាថ្ងៃនេះ គឺចង់វិនិយោគលើឧស្ម័នធម្មជាតិ បើផ្អែកតាមច្បាប់ កិច្ចការនេះត្រូវឆ្លងកាត់ពីរតំណាក់កាលគឺ៖ ទី១. ការចុះបញ្ជីគ្រប់គ្រងពីរដ្ឋបាលថ្នាក់ជាតិ CDC ឬរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត , ទី២. ត្រូវមានការគោរពច្បាប់បរិស្ថាន។ ដូច្នេះ ក្រុមហ៊ុន សហគ្រាសត្រូវតែអនុវត្តន៍តាមគោលការណ៍ច្បាប់របស់កម្ពុជា៕

ដោយ ងូ សុមុនី