រដ្ឋបាលខេត្តព្រះសីហនុណែនាំឲ្យក្រុមវិនិយោគិនចិនផ្នែកវិស័យសំណង់សិក្សាពីទិដ្ឋភាពច្បាប់ នៅកម្ពុជា មុនសម្រេចគម្រោងសាងសង់

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ៖

 រដ្ឋបាលខេត្តព្រះសីហនុណែនាំដល់ក្រុមវិនិយោគិនចិនផ្នែកវិស័យសំណង់ ឲ្យសិក្សាពីទិដ្ឋភាពច្បាប់នានានៅកម្ពុជា មុនសម្រេចគម្រោងសាងសង់ ដើម្បីធានាឲ្យការវិនិយោគបានប្រព្រឹត្តទៅស្របតាមច្បាប់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ទៅក្រុមសមាគមចិនត្រូវសម្របសម្រួលជាមួយសហគ្រាសដែលសមាជិករបស់ខ្លួនអោយឈ្វេងយល់អំពីច្បាប់ដំណើរការសាងសង់ ឬសិក្សាប្លង់ ចុះបញ្ជីនៅក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីឲ្យដំណើរការ អាជីវកម្មស្របទៅតាមបទដ្ឋានច្បាប់របស់កម្ពុជា។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានថ្លែងដូច្នេះក្នុងឱកាស អនុញ្ញាតឱ្យសមាគមចិនចូលជួបសំដែងការគួរសម និង សិក្សាស្វែងយល់អំពីច្បាប់សាងសង់សំណង់ ខេត្តព្រះសីហនុ នោព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តព្រះសហនុ។
ឯកឧត្តមបានលើកឡើងថា រដ្ឋបាលខេត្តបានបង្កើតក្រុមការងារចុះទៅគ្រប់ការដ្ឋានសាងសង់ដើម្បីត្រួពិនិត្យអ្នកម៉ៅការសាងសង់ និងអ្នកសិក្សាប្លង់ថាបានចុះបញ្ជីការសាងសង់ត្រឹមត្រូវឬទេ ក្រោយរយៈពេលកន្លងទៅយុទ្ធនាការនៃការពិនិត្យរបស់ឃើញមានក្រុមហ៊ុន សហគ្រាសនិងអ្នកម៉ៅការសាងសង់មួយចំនួន មិនបានចុះបញ្ជីបង្កការលំបាកស្មុគស្មាញ ក្នុងការងារគ្រប់គ្រង ពិសេសការទទួលខុសត្រូវគុណភាពសំណង់។ ឯកឧត្តមបានបញ្ជាក់ថា
ដើម្បីដោះស្រាយបញ្ហានេះកុំឲ្យពិបាកនឹងកើតឡើងច្រំដែល រដ្ឋបាលខេត្តនិងបានចេញសេចក្តីណែនាំឲ្យក្រុមហ៊ុនសហគ្រាសនិងបុគ្គលត្រូវទៅចុះបញ្ជីឱ្យបានគ្រប់គ្នា ដើម្បីដំណើរការអាជីវកម្មតទៅឲ្យមានការទទួលខុសត្រូវបញ្ជាក់អំពីគុណភាពដែលខ្លួនបានសន្យា។
សូមបញ្ជាក់ថា កន្លងមកនេះរដ្ឋបាលខេត្តព្រះសីហនុបានរកឃើញក្រុមនិងបុគ្គលមួយ ចំនួនពុំបានទៅចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅឡើយទេ ដែលជាហេតុធ្វើសំណង់គ្មានគុណភាព និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋថែមទៀតផង៕