សម្តេចក្រឡាហោម ស ខេង ស្នើឱ្យថ្នាក់ដឹកនាំមូលដ្ឋានបន្តបើកវេទិកា ជួបប្រជាពលរដ្ឋ ឬចុះតាមផ្ទះ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា

AKP បាត់ដំបង ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើទៅកាន់ថ្នាក់ ដឹកនាំខេត្តបន្តធ្វើវេទិកាសាធារណៈ និងការចុះតាមផ្ទះប្រជាពលរដ្ឋដើម្បីជួយដោះស្រាយ​បញ្ហា​ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារ​ថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការធ្វើវេទិកានេះគឺត្រូវធ្វើដោយមកជួបអ្នកដែលមិន​ទាន់បាន​ចូល​រួមក្នុងវេទិកាលើកមុន ហើយយកអ្នកដែលមិនបានចូលរួមទាល់តែអស់បានបើក វេទិការួម​ឡើង​វិញ។ សម្តេចក្រឡាហោមគូសបញ្ជាក់ថា “យើងធ្វើយ៉ាងនេះនឹងបានជួបប្រជាជនទាំង​អស់ គឺមិនមែនជួបតែតំណាងនោះទេ បើយើងជួបតែតំណាងបញ្ហាគឺនៅដដែលៗ ដោះ​ស្រាយ​បញ្ហាមិនបាននោះទេ។ អញ្ចឹងសូមឱ្យធ្វើរបៀបនឹង គឺយើងជួបធ្វើតាមផ្ទះយើង​បានប៉ុន្មាន​យើង​យកប៉ុណ្ណឹង តែច្រើនកាលណាល្អកាលនឹង។” សម្តេចក្រឡាហោមបានបន្ដថា ការជួបគ្នា​នោះដែរ អ្វីដែលត្រូវដោះស្រាយបាន ត្រូវធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋតែម្តង ឬដោះ​ស្រាយ​បញ្ហាដែលប្រជាពលរដ្ឋសំណូមពរ នៅក្នុងកិច្ចប្រជុំ ឬវេទិកានោះ។ សម្ដេចក្រឡា​ហោមបានបន្ថែមថា តម្រូវការរបស់ប្រជាពលរដ្ឋគឺមានការរីកចម្រើនតាមការវិវត្តរបស់​សង្គម​ជាតិ ដូច្នេះយើងត្រូវធ្វើការដោះស្រាយឱ្យទាន់ពេលវេលា។

សម្ដេចក្រឡាហោមបានថ្លែងបន្ថែមទៀតថា ជាមួយគ្នានេះ ក៏ត្រូវពង្រឹង និងលើក កម្ពស់​សមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីនៅតាមអង្គភាព គ្រប់លំដាប់ថ្នាក់នៅក្រោមឱវាទ​ក្នុង​ការបំពេញការងារ ពិសេសសមាសភាពជាម្ចាស់លើការផ្តល់សេវានៅក្នុងមូលដ្ឋាន ដោយដោះ​ស្រាយបញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការពឹងផ្អែកទាំងស្រុង​នៅ​លើថ្នាក់លើ ឬថ្នាក់ជាតិ៕

ដោយ ប៊ុនរិទ្ធ