ក្រុមសហជីពស្នើប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០២០ខាងមុខមានចំនួន១៩៩ដុល្លារ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ០៦ ០៩ ១៩៖

ក្រុមសហជីពបានស្នើប្រាក់ឈ្នួលរបស់កម្មករនៅឆ្នាំ២០២០ខាងមុខមានចំនួន១៩៩ដុល្លារក្នុងមួយខែ ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករកម្មការិនីក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងឲ្យកាន់តែល្អប្រសើរឡើង។

ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០២០ខាមុខនេះ បានធ្វើឡើងនៅក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ក្រុមសហជីពដែលតំណាងឲ្យកម្មករនិយោជិតជាង១លាននាក់ ចង់បានប្រាក់ឈ្នួលនៅឆ្នាំ២០២០ខាងមុខនេះ រហូតដល់ចំនួន១៩៩ដុល្លារអាមេរិក ខណៈក្រុមនិយោជកវិញបានឲ្យដឹងថាមានលទ្ធភាពត្រឹមតែ ១៨៤ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជាបានឲ្យដឹងថា ការលើកសំណើប្រាក់ឈ្នួលអប្បបរមាចំនួន១៩៩ដុល្លារក្នុងមួយខែនេះ ដែលប្រាក់ឈ្នួលនៅមានកម្រិតទាបនៅឡើយ ដោយសារតម្លៃទំនិញនៅលើទីផ្សារមានតម្លៃកើនឡើងជាងមុន។«ឥឡូវនេះខ្ញុំមិនទាន់និយាយថាប្រហែលបាននោះទេ ប៉ុន្ដែជាការចរចាជាបទពិសោធន៍ដំបូងយើងគ្រាន់តែបង្ហាញតួលេខរៀងខ្លួន ប៉ុន្ដែវានៅមានឡើងមានចុះដែលយើងនៅតថ្លៃគ្នា ហើយខ្ញុំសង្ឃឹមថាគាត់នឹងឡើងច្រើន ហើយយើងនឹងចុះខ្លះ»។
ឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចរចាប្រាក់ឈ្នួលនេះ គឺនៅមិនទាន់មានការឯកភាពជារួមនៅឡើយទេ ដោយភាគីទាំងអស់នឹងបន្តប្រជុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីឈានទៅដល់ការសម្រេចតួលេខមួយដែលភាគីពាក់ព័ន្ធទទួលយកបានទំាងអស់គ្នា។
«រាជរដ្ឋាភិបាលដែលជាអ្នកសម្របសម្រួលរវាងភាគីទាំងពីរនេះ គឺមិនមានអ្វីជាចម្លែកនោះទេជាទូទៅភាគីនីមួយៗតែងតែម្ខាងផ្ដើមតួលេខរៀងខ្ពស់រីឯម្ខាងទៀតផ្ដើមតួលេខរៀងទាប ហើយនៅពេលដែលយើងប្រជុំនៅពេលបន្ដបន្ទាប់ទៀត យើងប្រយល់គ្នាបន្ថែមទៀត គឺថាអាចកែសម្រួលគោលជំហរគ្នាជាបន្ដបន្ទាប់ ហើយបើយើងពិនិត្យលើតួលេខនីមួយៗបានលើកឡើងមកនេះ គឺសុទ្ធតែមានហេតុផល និងយោងទៅលើវិនិច្ឆ័យទាំង៧ ដែលយើងបានឯកភាពគ្នានាពេលកន្លងមក ហើយខ្ញុំគិតថាយើងអាចអបអរសាទរ និងកើតសរសើរភាគីកម្មករនិយោជិត និងភាគីនិយោជកដែលបានប្រកាន់ភ្ជាប់ភាពចាស់ទុំ ហើយប្រើប្រាស់នូវស្ថិតិដែលជាលក្ខណៈវិទ្យាសាស្រ្ដ និងវិនិច្ឆ័យទាំង៧ដែលយើងបានឯកភាពគ្នានេះបានល្អប្រសើរ ប៉ុន្ដែគ្រាន់តែប្រភពព័ត៌មាន និងវិធីចែក គុណ បូកវាអាចនៅខុសគ្នាតិចតួចដែលខ្ញុំគិតថាវាជារឿងធម្មតា»។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩នេះ មានចំនួន១៨២ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២០ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕