សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ទទួលយក គ.ជ.ប កម្ពុជា ធ្វើជាសមាជិកពេញសិទ្ធិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក(A-WEB) ទទួលយកគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)នៅក្នុងប្រទេសកម្ពុជា ធ្វើជាសមាជិកពេញសិទ្ធិ ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស។
ឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ភាពជាសមាជិកពេញសិទ្ធិនេះ ត្រូវបានអនុម័តនៅក្នុងអំឡុងពេលមហាសន្និបាតលើកទី៤ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ដែលបានធ្វើឡើងកាលពីថ្ងៃទី២-៥ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងប្រទេសឥណ្ឌា។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយត្រឡប់ពីចូលរួមមហាសន្និបាតនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ឯកឧត្តម បានបញ្ជាក់ថា ការបញ្ជូលជាសមាជិកភាព នេះ គឺដើម្បីផ្ដល់ឱកាសដល់សមាជិកទាំងអស់ ចូលរួមធ្វើសេចក្តីសម្រេចស្តីពីទិសដៅអនាគតរបស់សមាគមក្នុងទស្សនទានមួយ សំដៅធ្វើឲ្យមានផ្លែផ្កានៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ ឯកឧត្តម មានប្រសាសន៍ថា ពីពេលនេះតទៅ គ.ជ.ប កម្ពុជា នឹងមានបេសកកម្មក្រៅប្រទេសដ៏មមាញឹក ដើម្បីចូលរួមប្រជុំក្រុមប្រឹក្សាប្រតិបត្តិមួយឆ្នាំម្តងៗ និងមហាសន្និបាតរៀងរាល់២ឆ្នាំម្តង ព្រមទាំងអាចដកស្រង់មេរៀន និងបទពិសោធន៍ពីគ្នាទៅវិញទៅមកជាមួយស្ថាប័នរៀបចំការបោះឆ្នោតអន្តរជាតិមកពី១០៦ប្រទេស ដែលក្នុងនោះមានដូចជាប្រទេស អូស្ត្រាលី ប្រេស៊ីល កាណាដា កុងហ្គោ អេហ្ស៊ីប បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី ថៃ ជាដើម។
សូមបញ្ជាក់ថា ការបញ្ចូល គ.ជ.ប កម្ពុជា ជាសមាជិកពេញសិទ្ធិនៃសមាគមនេះ គឺធ្វើឡើងបន្ទាប់ពី គ.ជ.ប កម្ពុជា ត្រូវបានតែងតាំងជាសមាជិកបម្រុងរបស់ស្ថាប័នឯករាជ្យមួយនេះ តាំងពីខែមីនា ឆ្នាំ២០១៨ ក្នុងអាណត្តិដែលជាអគ្គលេខាធិការសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោកនេះ គ្រប់គ្រងដោយសាធារណរដ្ឋកូរ៉េ ខណៈបច្ចុប្បន្នត្រូវបានការគ្រប់គ្រងដោយបេក្ខភាពមកពីប្រទេសឥណ្ឌា៕