មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ស្នើបងប្អូនអាជីវករកុំតម្លើងថ្លៃទំនិញ នៅពេលមានគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖
មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងស្នើដល់បងប្អូនអាជីវករកុំតម្លើងថ្លៃទំនិញ នៅពេលប្រជាពលរដ្ឋ កំពុងជួបគ្រោះមហន្តរាយទឹកជំនន់ ហើយក្រុមហ៊ុននាំចូលក៍ត្រូវមើលទំនិញណាជិតហួសកាលបរិច្ឆេទប្រើប្រាសកុំនាំចូលមកលក់ ដើម្បី បញ្ជៀសផលប៉ះពាល់ផ្នែកសុខភាព ។
ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនៅខេត្តស្ទឹងត្រែងថ្ងៃទី០៦ខែកញ្ញានេះ លោក គឹមប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ក្រុមហ៊ុនមួយចំនួនចេះតែចង់កេងចំណេញ ដោយយកផលិតផលរបស់ខ្លួនមកលក់ឱ្យបងប្អូនអាជីករដែលមានកាលបរិច្ឆេទជិតហួសកំណត់ ហើយពេលអ្នកលក់មិនមើលត្រូវខាតបងថវិកា។ លោកថា៖ប្រការនេះចូរម្ចាស់ក្រុមហ៊ុនត្រូវជៀសវា ហើយបងប្អូនអាជីវករត្រូវពិនិត្យកាលបរិច្ឆេទប្រើប្រាស់របស់ទំនិញគ្រប់ប្រភេទ ឱ្យបានច្បាប់លាស់ ដើម្បីរួមគ្នាលើកកម្ពស់សុខភាពដល់អ្នកបរិភោគ។
លោកប្រធានសាខាបន្តថា៖ប្រការជៀសវាងមួយទៀតនៅពេលមានគ្រោះទឹកជំនន់នេះសូមបងប្អូនអាជីវករទាំងអស់លក់ទំនិញកុំម្លើងថ្លៃព្រោះពេលបងប្អូនបានរក្សារតំលៃទំនិញត្រឹមត្រូវព្រៀបបានដូចយើងរួមគ្នាជួយសំរួលទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គជន់លិចផ្ទះសំបែងផលដំណាំ ហើយខ្លះទៀតត្រូវបានជម្លៀសមកនៅទីទួលសុវត្តិភាព ។
លោកភូ.សុខគាមន្ត្រីជំនាញមន្ទីពាណិជ្ជកម្មខេត្តបានគាំទ្រចំពោះការដាស់តឿននេះ ព្រោះកន្លងមន្ត្រីមន្ទីរពាណិជ្ជកម្មក៏បានចុះណែនាំជារឿយៗរួចមកហើយដែរ ឲ្យបងប្អូនអាជីវករយកចិត្តទុកដាក់ក្នុងការថែរក្សាទំនិញរបស់ខ្លួនដាក់តាំងលក់ ឲ្យមានសុវត្តិភាពត្រឹមត្រូវ ហើយជំនិញណាដែលការបរិច្ឆែតប្រើប្រាស់មិនត្រូវយកមកដាក់តាំងលក់បន្លំភ្នែកប្រជាពលរដ្ឋយើងទេ ។
លោក ឃុត ស៊ុត ប្រជាពលរដ្ឋនៅ ភូមិឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់បានសាទរចំពោះមន្ត្រីជំនាញ ដែលបានចុះមកពិនិត្យទំនិញហើយបានពន្យល់ណែនាំបន្ថែមធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តក្នុងការចុះបំពេញ ការងារព្រោះក្នុងឱកាសនេះប្រជាពលរដ្ឋកំពុងរងគ្រោះដោយសាទឹកជំនន់ នាំគ្នាមកទិញរបស់របបមិនសូវបានពិនិត្យមើលទេ ជឿតែអ្នកលក់តែប៉ុណ្ណោះ ។
លោក សុខ ហេង អ្នកលក់ទំនិញនៅសង្កាត់ស្ទឹងត្រែងបានអះអាងថាៈ លោកតែងតែគោរពការណែនាំរបស់មន្ត្រីជំនាញគ្រប់ពេលវេលា ព្រោះទំនិញដែលពួកគាត់លក់គឺបានបរិភោគទាំងអស់គ្នា ។
លោកបន្តថា៖ ការលក់ទំនិញលោកបានគិតដល់អតិថិជនអ្នកទិញជាដៃគូរសំខាន់ ក្នុងការផ្តល់ប្រាក់ចំណូល ទោះមកទិញតិចក្តីច្រើនក្តី លក់មិនដែលតម្លើងថ្លៃទំនិញតាមការនឹកឃើញនោះទេ ជាពិសេសនៅពេលទឹកឡើងលិចនេះបានលក់ទៅតាមតម្លៃធម្មតា ។
សូមបញ្ជាក់ថា៖ការចុះពិនិត្យចំណីអាហារនៅតាមស្តង់លក់ដូររបស់បងប្អូនអាជីវករនៅខេត្តស្ទឹងត្រែងមន្ត្រីជំនាញដកហូតបានទឹកក្រូច -ទឹកផ្លែឈើកំប៉ុង នំកញ្ចាប់មួយចំនួន និងទឹកក្រូចម៉ាកហ្វ៉ាន់តាចំនួន១៨កេះ ដកហូតយកមកទុកដុតបំផ្លញចោល ៕