ទីក្រុងវ៉ាស៊ីនតោនស្នើឱ្យមានកិច្ចប្រជុំរវាងប្រធានាធិបតី សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅមហាសន្និបាតអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មានក្យូដូបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីអ៊ីរ៉ង់ គឺលោក ហាសាន់- រូហានី នៅក្នុងអំឡុងពេលនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា កិច្ចប្រជុំនេះអាចនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ ប្រសិនបើអ៊ីរ៉ង់យល់ព្រមនេះ គឺជាជំនួបលើកដំបូងរវាងប្រធានាធិបតី នៃប្រទេសទាំងពីរចាប់តាំងពីបដិវត្តអ៊ីរ៉ង់ឆ្នាំ ១៩៧៩ មក។

កាលពីមុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលលក្ខខណ្ឌមុនរបស់អ៊ីរ៉ង់សម្រាប់កិច្ចចរចារវាងប្រទេសទាំងពីរ ដោយបញ្ជាក់ថា រូបលោក និងលោក រូហានី អាចនឹងជួបគ្នានៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា និងដោះស្រាយបញ្ហានានា «ក្នុងរយៈពេល ២៤ម៉ោង»។

ព័ត៌មាននេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង     តេអេរ៉ង់។ សាធារណរដ្ឋអ៊ិស្លាមនេះបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងបន្តពន្យារកាតព្វកិច្ចក្រោមសន្ធិសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ ខណៈដែលសហភាពអឺរ៉ុបបានបរាជ័យក្នុងការការពារប្រទេសនេះពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ដោយទីក្រុងវ៉ាស៊ីនតោននៅឆ្នាំ២០១៨ បន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដកខ្លួនជាឯកតោភាគីចេញពីផែនការសកម្មភាពចម្រុះ។

ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅមជ្ឈិមបូព៌ា និងបានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើតសម្ព័ន្ធភាពសមុទ្រដើម្បីការពារនាវាដឹកប្រេងនៅឈូងសមុទ្រពែរ្ស ដោយលើកឡើងនូវឧប្បត្តិហេតុមួយចំនួនជាមួយនាវាដឹកទំនិញនៅក្នុងតំបន់៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)