អាស៊ាន ចិន និង UNDP ផ្លាស់ប្តូរគំនិតគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ សន្និសីទអាស៊ាន – ចិន – កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លើកទី៤ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការពិភាក្សាផ្តោតទៅលើការច្នៃប្រឌិតដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងលុបបំបាត់ភាពក្រីក្រ។

សន្និសីទនេះបានផ្តល់ឱកាសដល់មន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ និងអ្នកជំនាញមកពី  បណ្តាប្រទេសនៅអាស៊ាន ចិន និងអង្គការ UNDP ដើម្បីផ្លាស់ប្តូរចំណេះដឹងការស្រាវជ្រាវ និងគំនិតដើម្បី ពន្លឿនសកម្មភាពដើម្បីសម្រេច SDGs ជាពិសេសក្នុងការលុបបំបាត់ភាពក្រីក្រ។

អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាម លោក Le Tan Dung បាននិយាយថា ប្រទេសនៅអាស៊ានសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមមានការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់ភាពអត់ឃ្លាន។

ភាគរយប្រជាជននៅក្នុងប្លុកដែលរស់នៅក្រោមបន្ទាត់នៃប្រាក់ចំណូល ១,២៥ដុល្លារអាម៉េរិកក្នុងមួយថ្ងៃ ត្រូវបានកាត់បន្ថយពីចំនួនពាក់កណ្តាលនៃប្រជាជនក្នុងឆ្នាំ១៩៩០ មកនៅត្រឹមមួយភាគប្រាំបីនៃចំនួនប្រជាជននៅក្នុងឆ្នាំ២០១៥ ។

ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ បានបង្ហាញអំពីការរួមបញ្ចូលគ្នានៃរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ទៅក្នុងផែនការមេដែលមានគោលបំណងដើម្បីលើកកម្ពស់គុណភាពជីវិត។

លោក Dung បាននិយាយថា រដ្ឋាភិបាលវៀតណាមមានទស្សនៈថា ប្រសិនបើភាពអត់ឃ្លាន និងភាពក្រីក្រមិនត្រូវបានដោះស្រាយនោះទេ នោះគោលដៅអភិវឌ្ឍន៍ដូចជា ស្ថិរភាពសេដ្ឋកិច្ច ការអភិវឌ្ឍសិទ្ធិមនុស្សក៏នឹងមិនត្រូវបានសម្រេចដែរ។ ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់ភាពអត់ឃ្លាន បានក្លាយជាគោលនយោបាយដ៏សំខាន់របស់រដ្ឋាភិបាលវៀតណាម។

លោកបាននិយាយថា ប្រទេសវៀតណាមមានគោលបំណងបង្កើនប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅចុងឆ្នាំ ២០២០ ចំនួន ១,៥ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥។ ប្រាក់ចំណូលរបស់គ្រួសារក្រីក្រនៅតំបន់ដាច់ស្រយាលនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០២០ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)