ក្រសួងពាណិជ្ជកម្មរៀបចំឱ្យមានកម្មសិទ្ធបញ្ញាផលិតផលក្នុងស្រុក នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹម ហឿន ខេត្តស្ទឹងត្រែង ៖
ក្រសួងពាណិជ្ជកម្មសហការជាមួយអាជ្ញាធរខេត្តលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសឬរោង
ចក្រកែច្នៃផលិតផលក្នុងស្រុកនៅខេត្តស្ទឹងត្រែង បង្កើនបរិមាណ-គុណភាព និងសោភណ្ឌភាព ផលិតផល ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធរៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញាឱ្យបានត្រឹមត្រូវជៀសវាងមានការក្លែងបន្លំពីផលិតផលផ្សេងៗ។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញាដើម្បីជំរុញការអភិវឌ្ឍន៍
សហគ្រាសខ្នាតតូចនិងមធ្យមនៅសណ្ឋាគាររស្មីពេជ្រស្ទឹងត្រែង លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែងបានគាំទ្រយន្តការនេះព្រោះជាផ្នែកមួយជួយលើកកម្ពស់ដល់កសិផលរបស់កសិករឱ្យកាន់តែមានទីផ្សារល្អនិងបានជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កំពុងតែ លើកស្ទួយការងារនិងដឹងសុខទុក្ខចំពោះកម្មករ។
ឯកឧត្តមសួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្មនិងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវមានប្រសាសន៍ថា៖នេះជាចក្ខុវិស័យមួយថ្មីបន្ថែមទៀត ត្រូវបានក្រសូងពាណិជ្ជកម្ម ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូផង ខេត្តផងនៅភូមិភាគឥសាននេះដើម្បីជួយជំរុញកសិផលរបស់កសិករឱ្យមានតម្លៃទីផ្សារល្អ។
លោកនិច្ច កាណែល តំណាងសហគមន៍ផលិតទឹកម្នាស់ ទឹកឃ្មុំនៅឃុំអូរឬស្សីកណ្តាលស្រុកសៀមបូក បានសាទរចំពោះការរៀបចំឱ្យមានប្រព័ន្ធច្បាប់គ្រប់គ្រងនេះព្រោះកន្លងមកផលិតផលមួយចំនួនចេះតែមានអ្នកក្លែងបន្លំនិងខ្លះទៀតមានការប្តឹងផ្តល់គ្នាក៍មាន តែពេលបានក្រសួងមកកំណត់និងចុះបញ្ជីត្រឹមត្រូវសហគ្រាស និងមានផលិផលផ្តាច់មុខ។
(សម្លេង)មានការទុកចិត្តពីអតិថិជនទូទាំងខេត្តនិងទួទាំងប្រទេសហើយពួកគាត់និងធ្វើការជំរុញ ដល់ផលិតផលនិងជួយផ្តល់ជាយោបល់ ដល់ការផលិត និងគុណភាពនិងបានលើកទឹកចិត្តដ៍ពិសេសមួយសម្រាប់ជាកម្លាំងចិត្តក្នុងការផលិតតទៅទៀត។
លោកអ៊ុន សុខាប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានអះអាងថា៖ក្នុងស្មារតីមន្ទីរនិងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយបងប្អូនផលិតករ ឱ្យកាន់តែប្រសើរឡើងដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការវិនិយោគលើគ្រប់វិស័យធ្វើឱ្យលផិតផលកាន់តែមានគុណភាណ សោភណ្ឌភាពស្របតាមស្តង់ដា។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានរោងចក្រ១កន្លែង សហគ្រាស១១៥កន្លែងសាខាក្រុមហ៊ុនសិប្បកម្មនិងអាជីវកម្ម៤៥៥កន្លែងកំពុងប្រតិបត្តិការផលិតនូវផលិតផលនៅក្នុងស្រុកបំរើដល់អតិថិជន៕